ភាគពាយ័ព្យនៃប្រទេសអូស្ត្រាលី បាននឹងកំពុងទប់ទល់នឹងព្យុះស៊ីក្លូនត្រូពិកដ៏ខ្លាំងក្លាមួយនៅថ្ងៃសុក្រ (១៤ កុម្ភៈ) នេះ ដោយបង្ខំឱ្យបិទច្រកកំពង់ផែទំនិញសំខាន់ៗទាំងអស់នៅក្នុងតំបន់ឆ្នេរ Pilbara របស់ប្រទេស បន្ទាប់ពីអាជ្ញាធរចេញការព្រមានពីគ្រោះថ្នាក់នៃព្យុះ។

ព្យុះស៊ីក្លូនត្រូពិក Zelia បានឆ្លងកាត់ឆ្នេរសមុទ្ររដ្ឋ វេសស្ទើន អូស្ត្រាលី ខណៈប្រព័ន្ធព្យុះប្រភេទទី៤នេះ កំពុងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកក្នុងល្បឿន ២៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
អ្នកស្រុកនៅជុំវិញឆ្នេរ Pardoo Roadhouse ទៅដល់ឆ្នេរ Whim Creek និងផ្នែកខាងលិចនៃដីគោក Marble Bar បានបិទអាជីវកម្មចាប់តាំងពីថ្ងៃព្រហស្បតិ៍មក បន្ទាប់ពីភ្នាក់ងារពន្លត់អគ្គីភ័យ និងសេវាសង្គ្រោះបន្ទាន់ បានចេញការព្រមានជាបន្ទាន់សម្រាប់តំបន់នោះ។
នៅតំបន់ South Hedland អ្នកស្រុករាយការណ៍ថាមានការខូចខាតតិចតួចប៉ុណ្ណោះរហូតមកដល់ពេលនេះ រួមទាំងទឹកជំនន់កម្រិតទាប និងដើមឈើដួលរលំតិចតួច។ ប្រព័ន្ធព្យុះនេះត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅប្រភេទទី២ នៅល្ងាចថ្ងៃសុក្រ ប៉ុន្តែផលប៉ះពាល់ខ្លាំងនឹងបន្តកើតមាននៅក្នុងសហគមន៍ក្បែរនោះ៕

