រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៣ កុម្ភៈ) ថា សហរដ្ឋអាមេរិក ចង់ស្តាប់សំណើថ្មីរបស់បណ្ដារដ្ឋអារ៉ាប់នៅលើតំបន់ហ្កាហ្សា បន្ទាប់ពីផែនការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកប្រធានាធិបតី Donald Trump ក្នុងការផ្លាស់ទីលំនៅប្រជាជនទាំងមូលនៃទឹកដីនេះ ខណៈប្រមុខការទូតអាមេរិករូបនេះកំពុងត្រៀមធ្វើដំណើរឆ្ពោះទៅមជ្ឈិមបូព៌ា។
លោក Rubio បានចាកចេញនៅថ្ងៃព្រហស្បតិ៍ ១៣ កុម្ភៈ ក្នុងដំណើរមួយដែលនឹងនាំលោកទៅកាន់អ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម បន្ទាប់ពីឈប់សំចតដំបូងនៅសន្និសិទសន្តិសុខទីក្រុង Munich ជាទីដែលលោកនឹងចូលរួមកិច្ចពិភាក្សាស្តីពីអ៊ុយក្រែន ជាមួយលោកអនុប្រធានាធិបតី JD Vance។

ដំណើរទស្សនកិច្ចនេះកើតឡើង បន្ទាប់ពីមានកិច្ចពិភាក្សាក្នុងទីក្រុងវ៉ាស៊ីនតោន ស្តីពីផែនការតំបន់ហ្កាហ្សា របស់លោក Trump ដោយព្រះមហាក្សត្រ Abdullah របស់ប្រទេសហ្ស៊កដានី និងរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប។ លោក Rubio បាននិយាយសំដៅលើរដ្ឋអារ៉ាប់ថា "សង្ឃឹមថាពួកគេនឹងមានផែនការដ៏ល្អមួយដើម្បីបង្ហាញជូនលោកប្រធានាធិបតី Trump"។
លោក Trump បានព្រមានពីផលប៉ះពាល់ដល់ប្រទេសជិតខាងអេហ្ស៊ីប និងហ្ស៊កដានី ប្រសិនបើពួកគេមិនទទួលយកជនជាតិប៉ាឡេស្ទីនជាង ២លាននាក់នៅក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានអ៊ីស្រាអែល ដាក់សម្ពាធលើសង្រ្គាមរយៈពេល ១៦ខែ ក្នុងជម្លោះដែលបង្កឡើងដោយការវាយប្រហារដ៏ធំរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស៕

