ចៅក្រមសហព័ន្ធ បានបញ្ជាឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ស្តារមូលនិធិសម្រាប់ម្ចាស់កិច្ចសន្យាជំនួយបរទេសរាប់រយកម្មវិធី ដែលបានដាក់បណ្ដឹងតវ៉ាថា ពួកគេរងផលប៉ះពាល់អវិជ្ជមានដោយការបង្កកជំនួយយ៉ាងទូលំទូលាយរយៈពេល ៩០ថ្ងៃ។

ដីកាបង្គាប់នេះរារាំងរដ្ឋបាលលោក Trump ជាបណ្តោះអាសន្ន ពីការលុបចោលកិច្ចសន្យាជំនួយបរទេស និងកញ្ចប់ថវិកានានាដែលមានរួចទៅហើយមុនពេលលោក Trump ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។
នេះជាសេចក្តីសម្រេចលើកដំបូងហើយក្នុងការច្រានចោលការបង្កកមូលនិធិរបស់លោក Trump លើជំនួយបរទេស។ សេចក្តីសម្រេចនេះបានធ្វើឡើងនៅក្នុងបណ្តឹងដាក់ដោយអង្គការសុខភាពចំនួនពីរ ដែលទទួលមូលនិធិពីសហរដ្ឋអាមេរិក សម្រាប់កម្មវិធីនៅក្រៅប្រទេស។
លោក Trump បានព្យាយាមរុះរើទីភ្នាក់ងាររដ្ឋាភិបាល រួមទាំងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ផងដែរ ខណៈលោកបានចាប់ផ្តើមការកែទម្រង់ដ៏ធំលើរដ្ឋាភិបាល ហើយបានប្រគល់ភារកិច្ចឱ្យសម្ព័ន្ធមិត្តមហាសេដ្ឋីរបស់ខ្លួនគឺលោក Elon Musk ក្នុងការកាត់បន្ថយការចំណាយ៕

