រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានប្រាប់សមាជិកសម្ព័ន្ធយោធាណាតូថា អាមេរិកព្យាយាមបញ្ចប់តួនាទីរបស់ខ្លួនជា «អ្នកធានាអចិន្ត្រៃយ៍» នៃសន្តិសុខអឺរ៉ុប។
រដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump មានការខកចិត្ត ចំពោះសមាជិកសម្ព័ន្ធយោធាណាតូ ដោយនិយាយថា ពួកគេពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការពារជាតិ NATO បានមកជួបប្រជុំគ្នានៅទីក្រុងព្រុចស៊ែល កាលពីថ្ងៃព្រហស្បតិ៍ និងបានពិភាក្សាអំពីតម្រូវការរបស់ពួកគេក្នុងការជំរុញការចំណាយលើវិស័យការពារជាតិ និងការគាំទ្រសម្រាប់ប្រទេសអ៊ុយក្រែន។
អគ្គលេខាធិកា លោក Mark Rutte បាននិយាយថា «យើងចាំបាច់ត្រូវធ្វើការបន្ថែមទៀត ហើយយើងត្រូវធ្វើវាឱ្យលឿនជាងមុន»។ លោកនិយាយថា ដើម្បីធានាបាននូវការរារាំង និងការការពាររបស់ខ្លួន នាពេលអនាគត សម្ព័ន្ធយោធានេះ ចាំបាច់ត្រូវផ្លាស់ប្តូរទៅរក «ផ្នត់គំនិតសម័យសង្រ្គាម»។
ខណៈលោក Hegseth បានសន្យាថា សហរដ្ឋអាមេរិកនឹងនៅតែប្តេជ្ញាចិត្តចំពោះប្រទេសអ៊ុយក្រែន ដោយលោកបាននិយាយថា អ្នកគ្រប់រូបចាំបាច់ត្រូវតែរួមចំណែកដោយយុត្តិធម៌។ លោកបានសង្កត់ធ្ងន់ថា អឺរ៉ុបគួរតែទទួលខុសត្រូវជាចម្បងសម្រាប់ការការពារទ្វីបអឺរ៉ុប។
រដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញការព្រួយបារម្ភថា អាមេរិក និងរុស្សី កំពុងព្យាយាមគ្រប់គ្រងលើការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ក្រុមរដ្ឋមន្ត្រីនិយាយថា អ៊ុយក្រែន និងអឺរ៉ុបត្រូវតែនៅតុចរចា។