មេដឹកនាំចលនាហ៊ួទី Ansar Allah នៅប្រទេសយេម៉ែន លោក Abdul-Malik al-Houthi បានស្នើទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ជំនួសឲ្យការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន ចេញពី តំបន់ហ្កាហ្សា លោកគួរតែពិចារណាពីការផ្លាស់ប្តូរទីលំនៅថ្មីរបស់ប្រជាជនអ៊ីស្រាអែល នៅក្នុងរដ្ឋណាមួយរបស់សហអាមេរិក។
លោក al-Houthi បាននិយាយនៅក្នុងសុន្ទរកថា ដែលផ្សាយដោយគេហទំព័រ Al Masirah ថា៖«ជនជាតិអាមេរិក អាចផ្លាស់ទីជនជាតិជ្វីហ្វ [ពីអ៊ីស្រាអែល] ទៅសហរដ្ឋអាមេរិក ហើយផ្តល់ឲ្យពួកគេនូវរដ្ឋមួយរបស់ពួកគេ។ សហរដ្ឋអាមេរិក មានទឹកដីធំទូលាយ និងតំបន់ជាច្រើនពុំមានមនុស្សរស់នៅ។
កាលពីថ្ងៃទី ០៤ ខែកុម្ភៈ លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេ នៅសេតវិមានថា សហរដ្ឋអាមេរិកកំពុងពិចារណាអំពីភាពជាម្ចាស់កម្មសិទ្ធិយូរអង្វែងលើតំបន់ហ្កាហ្សា ដើម្បីអភិវឌ្ឍន៍តំបន់នេះ សម្រាប់ជាប្រយោជន៍ដល់សន្តិភាព នៅមជ្ឈិមបូព៌ា។ លោកក៏បានស្នើឲ្យមានការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនពីទឹកដីនេះ ទៅកាន់ប្រទេសផ្សេងទៀត នៅក្នុងតំបន់ ដែលលោកបាននិយាយថា អាចចំណាយសម្រាប់ការផ្លាស់ទីលំនៅនេះ។
ប្រទេសអារ៉ាប់ អ៊ីរ៉ង់ និងប្រទេសលោកខាងលិចមួយចំនួន បានប្រឆាំងនឹងសំណើរបស់លោក ត្រាំ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូ បានកត់សម្គាល់នូវគំនិតរបស់ប្រធានាធិបតីអាមេរិក ប៉ុន្តែក៏បានទទួលស្គាល់ថា អេហ្ស៊ីប និងហ្ស៊កដានី បានបដិសេធមិនធ្វើកិច្ចសហប្រតិបត្តិការ ជាមួយផែនការនេះ។