ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីសាសនាហិណ្ឌូនិយមរបស់ឥណ្ឌា គឺលោក Narendra Modi បានពិភាក្សាគ្នា អំពីបញ្ហាជាច្រើន រាប់ចាប់ពីការលក់អាវុធ រហូតដល់ពាណិជ្ជកម្ម នៅពេលដែលមេដឹកនាំទាំង២ បានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) ប៉ុន្តែនៅក្នុងការថ្លែងជាសាធារណៈ បានជៀសវាងមិននិយាយយោងដល់ប្រធានបទដ៏រសើប ដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងការរំលោភបំពានលើជនជាតិភាគតិច។
អ្នកជំនាញបាននិយាយថា ការព្រួយបារម្ភ ជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់ឥណ្ឌា បានបាត់បង់ភាពសំខាន់ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលឥណ្ឌាទទួលបានឥទ្ធិពល តាមរយៈការលើកកម្ពស់ពាណិជ្ជកម្មជាមួយអាមេរិក ហើយក្លាយជាដៃគូ ក្នុងការទប់ទល់ជាមួយប្រទេសចិន ដោយបានកត់សម្គាល់ថា តំណែងប្រធានាធិបតីអាណត្តិទី២ របស់លោក Trump នឹងបន្តនិន្នាការបែបនោះ។
ខណៈដែលពួកលោកបានជួបពិភាក្សារគ្នា នៅសេតវិមាន និងបន្ទាប់មកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានោះ សុន្ទរកថាផ្លូវការរបស់មេដឹកនាំទាំង២ មិនបាននិយាយអំពីបញ្ហាសិទ្ធិមនុស្សទេ ហើយក៏មិនបានធ្វើសេចក្តីថ្លែងការណ៍តាមប្រព័ន្ធអ៊ីនធឺណិតនោះដែរ។
នាយកវិទ្យាស្ថានអាស៊ីខាងត្បូង (South Asia Institute) ពីមជ្ឈមណ្ឌលស្រាវជ្រាវ Wilson Center គឺលោក Michael Kugelman បានពន្យល់ថា៖ «លោក Trump ទំនងជាមិនបង្ហាញជំហរលើបញ្ហាសិទ្ធិមនុស្ស នៅប្រទេសឥណ្ឌានោះទេ។ ហើយភាគច្រើនដោយសារតែគោលនយោបាយការបរទេសរបស់លោក គឺផ្អែកលើផលប្រយោជន៍ជាសំខាន់ ដែលវាស្ទើរតែគ្មានឱកាសសោះ សម្រាប់ការពិចារណាដោយផ្អែកលើតម្លៃ ដូចជាសិទ្ធិមនុស្សនៅបរទេសជាដើម»។
របាយការណ៍របស់ក្រសួងការបរទេស ស្តីពីសិទ្ធិមនុស្ស និងសេរីភាពខាងសាសនា បានកត់សម្គាល់ពីការរំលោភបំពាន នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទីក្រុងញូវដេលី ហៅរបាយការណ៍ទាំងនោះថា «មានភាពលម្អៀងយ៉ាងខ្លាំងក្លា»៕