ប្រមុខការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) បានចេញការអំពាវនាវ «ធ្វើយ៉ាងណាឲ្យអង្គការណាតូអស្ចារ្យជាថ្មីម្តងទៀត» ដោយជំរុញឲ្យបណ្តាប្រទេស នៅអឺរ៉ុប ចំណាយប្រាក់បន្ថែមទៀត លើវិស័យការពារជាតិ ដោយប្រើប្រាស់ពាក្យស្លោករបស់លោក Donald Trump។
អំឡុងជំនួបជាមួយដៃគូអង្គការណាតូ (NATO) ពោលគឺមួយថ្ងៃបន្ទាប់ពីលោក Trump បង្ហាញពីផែនការចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រមុខមន្ទីរបញ្ចកោណ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធភាព ប៉ុន្តែសមាជិកត្រូវធ្វើកិច្ចការបន្ថែមទៀត ដើម្បីឲ្យខ្លួន «មិនផ្លាស់ប្ដូរចិត្ត»។
បន្ទាប់ពីមានកិច្ចពិភាក្សា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Hegseth បានប្រាប់អ្នកសារព័ត៌មានថា៖ «ដៃគូរបស់យើង ត្រូវតែធ្វើកិច្ចការឲ្យច្រើនជាងនេះបន្ថែមទៀត សម្រាប់វិស័យការពារជាតិរបស់អឺរ៉ុប។ យើងត្រូវតែធ្វើឲ្យអង្គការណាតូអស្ចារ្យជាថ្មីម្តងទៀត»។ លោកបានព្រមានថា «លោកប្រធានាធិបតី Trump នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់យកប្រៀបលើសហរដ្ឋអាមេរិកនោះទេ»។
ជាមួយគ្នានេះ អតីតអ្នកអត្ថាធិប្បាយព័ត៌មានរបស់ទូរទស្សន៍ Fox TV និងជាទាហានជើងចាស់មួយរូប បានពណ៌នាជម្លោះអ៊ុយក្រែនថា ជា «ឱកាសរៀបចំឡើងវិញសម្រាប់អង្គការណាតូ» ដោយបានបន្ទរតាមការទាមទាររបស់លោក Trump ដែលចង់ឲ្យសម្ព័ន្ធមិត្តបង្កើនទ្វេដងនៃគោលដៅចំណាយលើវិស័យការពារជាតិ ពោលគឺដល់ ៥ភាគរយនៃ GDP (ផលិតផលក្នុងស្រុកសរុប)៕