ឧបទ្ទវហេតុពាក់ព័ន្ធនឹងរថយន្តបើកបរស្វ័យប្រវត្តិ Cybertruck របស់ក្រុមហ៊ុន Tesla នៅសប្តាហ៍នេះ បានបង្កឲ្យមានការព្រួយបារម្ភ អំពីភាពអាចទុកចិត្តបាន ចំពោះសូហ្វវែរ (កម្មវិធី) របស់ក្រុមហ៊ុន ដែលផ្តល់ថាមពលដល់មុខងារនេះ ដោយកង្វល់នេះ កើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីនាយកប្រតិបត្តិ លោក Elon Musk បាននិយាយថា លោកនឹងដាក់ឲ្យប្រើប្រាស់សេវាតាក់ស៊ីមនុស្សយន្តបង់ប្រាក់ នៅឆ្នាំនេះ។
រថយន្តប្រភេទភីកអាប់ ដែលជាម៉ូដែលចុងក្រោយបង្អស់ នៅក្នុងក្រុមរថយន្តរបស់ក្រុមហ៊ុន Tesla មិនអាចងាកចេញពីគន្លងផ្លូវដែលកំពុងជិតផុតហើយនោះ ដោយបានប៉ះទង្គិចចិញ្ចើមផ្លូវ ហើយជ្រុលទៅបុកបង្គោលភ្លើង នៅក្នុងទីក្រុង Reno របស់រដ្ឋ Nevada ខណៈពេលមានមុខងារបើកបរស្វ័យប្រវត្តិពេញលក្ខណៈ ដែលនៅតែត្រូវការមនុស្សគ្រប់គ្រង។
តាមរយៈវេទិកាបណ្ដាញសង្គម X ដោយលើកឡើងពីឈ្មោះលោក Musk អ្នកបើកបរលោក Jonathan Challinger បានរៀបរាប់ថា៖ «កុំបង្កើតកំហុសដូចរូបខ្ញុំ។ សូមមេត្តាយកចិត្តទុកដាក់។ ឥឡូវនេះ វាងាយទទួលបានភាពស្រណុកសុខស្រួល តែកុំធ្វើអី។ សូមជួយចែករំលែកបន្តនូវសាររបស់ខ្ញុំ ដើម្បីជួយសង្រ្គោះអ្នកដទៃកុំឲ្យមានជោគវាសនាដូចគ្នានេះ ឬអាចអាក្រក់ជាងនេះ»។
បើយោងតាមរបាយការណ៍របស់នគរបាល ដែលសារព័ត៌មាន Reuters បានឃើញ បានបង្ហាញថា អ្នកបើកបរ បានរាយការណ៍ថា មានបញ្ហាម៉ាស៊ីនដោយមិនដឹងពីមូលហេតុ ដែលបណ្តាលឲ្យរថយន្តងាកចេញពីគន្លងផ្លូវ ហើយទៅបុកបង្គោលភ្លើងនោះ។
ក្រុមហ៊ុន Tesla បានប្រឈមនឹងការរិះគន់ និងការស៊ើបអង្កេតជាច្រើនឆ្នាំមកហើយ ជុំវិញសុវត្ថិភាពនៃកម្មវិធីជំនួយអ្នកបើកបរកម្រិតខ្ពស់របស់ក្រុមហ៊ុន បន្ទាប់ពីមានឧប្បត្តិហេតុជាច្រើន ក្នុងនោះរួមទាំងគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់ ១ករណីផងដែរ៕