រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) បាននិយាយថា ប្រទេសបារាំងបានបង្កើតសំណើ ដើម្បីឲ្យកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ក្នុងនោះរួមទាំងទាហានបារាំងផងដែរ ជំនួសកងកម្លាំងអ៊ីស្រាអែលតាមទីតាំងសំខាន់ៗ ដើម្បីធានាថា កងកម្លាំងទាំងនោះចាកចេញពីប្រទេសលីបង់ ត្រឹមថ្ងៃកំណត់ទី១៨ ខែកុម្ភៈ។
កាលពីថ្ងៃពុធ (ទី១២ ខែកុម្ភៈ) ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល បានរាយការណ៍ថា សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យមានវត្តមាន «រយៈពេលយូរ» សម្រាប់កងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីប្រភពបានប្រាប់សារព័ត៌មាន Reuters ថា អ៊ីស្រាអែលបានស្វែងរកការពន្យារពេល នៅពេលដល់ថ្ងៃផុតកំណត់ទី១៨ ខែកុម្ភៈ ដើម្បីដកកងកម្លាំងរបស់ខ្លួន។

គួររំលឹកថា ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន កាលពីខែវិច្ឆិកាឆ្នាំមុន កងទ័ពអ៊ីស្រាអែល ត្រូវបានផ្តល់ពេលឲ្យ ៦០ថ្ងៃ ដើម្បីដកចេញពីភាគខាងត្បូងលីបង់ ជាកន្លែងដែលពួកគេបានធ្វើប្រតិបត្តិការវាយលុកផ្លូវគោក ប្រឆាំងនឹងយុទ្ធជនរបស់ក្រុមប្រដាប់អាវុធហេសបូឡារបស់លីបង់ តាំងពីដើមខែតុលា។
យុទ្ធជនរបស់ក្រុមហេសបូឡា ត្រូវចាកចេញពីតំបន់នោះ ហើយកងទ័ពលីបង់ ត្រូវដាក់ពង្រាយ នៅតំបន់នោះ ក្នុងពេលតែមួយ។
បន្ទាប់ពីមានសន្និសីទ ស្តីពីស៊ីរី នៅទីក្រុងប៉ារីស ប្រទេស លោក Barrot បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានធ្វើការ ដើម្បីបង្កើតសំណើដែលអាចបំពេញតាមការរំពឹងទុកផ្នែកសន្តិសុខរបស់អ៊ីស្រាអែល ដែលគ្រោងនឹងស្នាក់នៅយូរជាងនេះ នៅទីតាំងមួយចំនួននៃព្រំដែនអ៊ីស្រាអែល-លីបង់»។
លោកបានបន្ថែមថា សំណើនេះនឹងឃើញកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឬ UNIFIL រួមទាំងកងកម្លាំងបារាំង ត្រូវបានដាក់ពង្រាយជំនួសកងកម្លាំងអ៊ីស្រាអែល នៅទីតាំងសង្កេតការណ៍ ហើយ UN បានគាំទ្រគំនិតនេះ៕


