ភ្នំពេញ ៖ មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពង្រីកសមត្ថភាពធ្វើតេស្តវិភាគ ដោយបន្ថែមប៉ារ៉ាម៉ែត្រថ្មីចំនួន ៤០ ផ្តោតលើវិស័យនាំចេញសំខាន់ៗដូចជាអង្ករ និងគ្រាប់ស្វាយចន្ទី និងគ្រោងពង្រីកសមត្ថភាពសម្រាប់សេវាមន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិចត្រូនិច ស្រាវជ្រាវ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងការអញ្ជើញចុះទស្សនកិច្ច គណៈកម្មាធិការទី៩ រដ្ឋសភា មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STINL) និងវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីកំណែ ទម្រង់សំខាន់ៗនៅស្ថាប័នទាំងពីរ ពិសេសការប្រែក្លាយមន្ទីរពិសោធន៍ជាតិ វបន ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងការផ្តោត ជាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានជាតិ វបន លើការស្រាវជ្រាវអនុវត្ត ដែលជំរុញការបង្កើតដំណោះស្រាយ ជាក់ស្តែងសម្រាប់ឧស្សាហកម្ម ក្នុងស្រុក។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងជាឧទាហរណ៍ពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ក្នុងការបង្កើតមជ្ឈមណ្ឌលផលិត អាហារ ដើម្បីលើកកម្ពស់គុណភាពផលិតផល និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ឱ្យបំពេញតាមស្តង់ដារ សម្រាប់ការ នាំចេញ។ បច្ចុប្បន្នវិទ្យាស្ថានជាតិ វនប កំពុងអនុវត្តគំនិតផ្តួចផ្តើមមួយចំនួនដូចជា គម្រោងប្រព្រឹត្តិកម្មវិទ្យុសកម្មសម្លាប់មេរោគ លើ ផលិតផលចំណីអាហារ ដោយសហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA), កម្មវិធីអ្នកវិទ្យាសាស្ត្រវ័យក្មេង ដើម្បី បំផុសទឹកចិត្តយុវជនឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រនាពេលអនាគត, និងគម្រោងស្រាវជ្រាវ និងការបណ្តុះបណ្តាលផ្សេងៗសម្រាប់ វិស័យ ឯកជន។
ចំណែកមន្ទីរពិសោធន៍ជាតិ វបន ក្រោយពីបានកែទម្រង់បានពង្រីកសមត្ថភាពធ្វើតេស្តវិភាគ ដោយបន្ថែមប៉ារ៉ាម៉ែត្រថ្មីចំនួន ៤០ ផ្តោតលើវិស័យនាំចេញសំខាន់ៗដូចជាអង្ករ និងគ្រាប់ស្វាយចន្ទី ជាមួយនឹងវិញ្ញាបនបត្រ ISO/IEC:17025 និងការវាយតម្លៃ ទទួលស្គាល់ជាអន្តរជាតិពី SAC-SINGLAS ប្រទេសសិង្ហបុរីនិង NATA ប្រទេសអូស្ត្រាលី មន្ទីរពិសោធន៍នេះបានធ្វើតេស្តវិភាគ សំណាកបានចំនួន ១១ ពាន់ ក្នុងឆ្នាំ ២០២៤ ជាមួយនឹងលទ្ធផលដែលទទួលស្គាល់ជាអន្តរជាតិ។ មន្ទីរពិសោធន៍ក៏គ្រោងពង្រីក សមត្ថភាពសម្រាប់សេវាមន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិចត្រូនិច (MEEL) និងមន្ទីរពិសោធន៍ស្រាវជ្រាវ ដើម្បីលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។
ជាការឆ្លើយតប, គណៈប្រតិភូនៃគណៈកម្មាធិការទី ៩ រដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន បានកោតសរសើរ ចំពោះសមិទ្ធផលរបស់ស្ថាប័នទាំងពីរ និងបានបញ្ជាក់ការគាំទ្រលើតួនាទីសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច គាំទ្រដល់យុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ រ៉ាឌី












