រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) នេះ បានលើកឡើងថា ប្រទេសថៃសង្ឃឹមថា ខ្លួននឹងមិនប្រឈមជាមួយវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកទេ ហើយនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធ្វើឲ្យប្រាកដថា ប្រទេសនេះមិនមែនជាគោលដៅ ចំពេលមានក្ដីបារម្ភថា អតិរេកពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន អាចក្លាយជាបញ្ហា។
លោក Pichai Naripthaphan បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានផែនការធ្វើការចរចា ហើយត្រៀមខ្លួនជាស្រេចកែសម្រួលតាមសំណើរបស់សហរដ្ឋអាមេរិក ដើម្បីធានាបាននូវលទ្ធផលដ៏ល្អ ដោយបានបន្ថែមថា លោកនឹងត្រលប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីពិភាក្សាបន្ថែមជាមួយមន្ត្រីអាមេរិក។
លោកបានបញ្ជាក់ថា៖ «កុំភ័យព្រួយបារម្ភពេកអី។ យើងមានគម្រោងរួចហើយ ប៉ុន្តែយើងមិនទាន់អាចបង្ហាញវាបាននៅឡើយទេ ព្រោះប្រសិនបើយើងបង្ហាញវាច្រើនពេក វានឹងមានបញ្ហាក្នុងការចរចា»។
នៅពេលត្រូវបានសួរថា តើប្រទេសថៃអាចជាកម្មវត្ថុនៃផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ការដំឡើងពន្ធបដិការ (ការដំឡើងពន្ធតបតវិញ) ឬទេ លោក Pichai បានឆ្លើយថា៖ «ប្រសិនបើយើងធ្វើអ្វីខុស យើងអាចកែសម្រួលបាន»។
លោក Pichai បានសង្កត់ធ្ងន់ថា ប្រទេសថៃបានរៀបចំផែនការរួចហើយ មុនពេលលោកបានធ្វើដំណើរទៅសហរដ្ឋអាមេរិក កាលពីដើមខែកុម្ភៈ។ លោកបានប្រាប់ថា ដំណើរនេះ «ទទួលបានផលជាផ្លែផ្កាច្រើនណាស់»៕