មនុស្សយ៉ាងហោច ១០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ក្រោយពេលគ្រាប់បានផ្ទុះត្រូវរថយន្តដឹកកម្មករជីករ៉ែមួយគ្រឿងនៅតំបន់ភាគនិរតីប្រទេសប៉ាគីស្ថាន ។
ក្រុមមន្រ្តីក្នុងស្រុក និយាយថា គ្រាប់បានផ្ទុះឡើងត្រូវចំរថយន្តមួយគ្រឿង ពេលវាធ្វើដំណើរឆ្លងកាត់ស្រុក Harnai ស្ថិតក្នុងខេត្ត Balochistan នាថ្ងៃសុក្រនេះ ។
គួរឲ្យដឹងថា កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានធ្វើសង្រ្គាមអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយជាមួយក្រុមផ្តាច់ខ្លួននៅខេត្តក្រីក្រ Balochistan ក្នុងនោះអំពើហិង្សានៅតាមតំបន់ព្រំដែន បានហក់ឡើងខ្ពស់ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ។
លោក Shahzad Zahri គឺជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលប៉ាគីស្ថាន និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា កម្មករជីករ៉ែ ១០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារនៅស្រុក Harnai ។
ក្រុមមន្រ្តីនិយាយថា រថយន្តមួយគ្រឿងនេះ បានដឹកកម្មករជីករ៉ែធ្យូងថ្ម ហើយភាគច្រើននៃជនរងគ្រោះមកពីតំបន់ជ្រលងភ្នំ Swat ស្ថិតនៅភាគពាយ័ព្យប៉ាគីស្ថាន និងតំបន់ផ្សេងទៀត ។
ដោយឡែក ទាហានប៉ារ៉ាមួយរូបរបស់ប៉ាគីស្ថានដែលសុំមិនបញ្ចេញឈ្មោះ និយាយថា គ្រាប់ត្រូវបានបង្កប់តាមផ្លូវ ហើយនិងបានផ្ទុះឡើងពេលដែលរថយន្តដឹកកម្មកធ្យូងថ្មបើកមកដល់ទីនោះ ហើយការផ្ទុះនេះ អាចបណ្តាលមកពីឧបករណ៍បញ្ជារពីចម្ងាយ ៕