ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហារយានដ្រូនកាលពីយប់កន្លងទៅរបស់រុស្ស៊ី បណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំដល់ទីជម្រកវិទ្យុសកម្មនៅរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl ។
រោងចក្រ Chornobyl ធ្លាប់ជាទីតាំងនៃគ្រោះមន្តរាយនុយក្លេអ៊ែរស៊ីវិលដ៏អាក្រក់បំផុតរបស់ពិភពលោក ពេលដែលម៉ាស៊ីនរ៉េអាក់ទ័រ ១ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រទាំង ៤របស់វា បានផ្ទុះឡើងកាលពីឆ្នាំ ១៩៨៦ ។ បច្ចុប្បន្ន ម៉ាស៊ីនរ៉េអាក់ទ័រនេះ ត្រូវបានស្រោបដោយជម្រកការពារ ដើម្បីទប់ស្កាត់សារធាតុវិទ្យុសកម្ម ។
លោក Zelenskiy និយាយថា យានដ្រូនរុស្ស៊ី បានវាយប្រហារជម្រកការពារម៉ាស៊ីនថាមពេលរងការបំផ្លិចបំផ្លាញ បណ្តាលឲ្យកើតមានអគ្គិភ័យ ដែលចាប់ពីពេលនោះមក ត្រូវបានពន្លត់វិញ ។
លោកបន្តថា មកទល់នឹងពេលនេះ កម្រិតវិទ្យុសកម្មពុំបានកើនឡើងនោះទេ ហើយត្រូវបានតាមដានយ៉ាងដិតដល់ ក្នុងនោះការវាយតម្លៃបឋម រកឃើញការខូចខាតច្រើន ។
លោក Zelenskiy បាននិយាយទៀតថា ប្រទេសមួយគត់នៅលើពិភពលោកដែលវាយប្រហារទីតាំងបែបនេះ កាន់កាប់រោងច្រថាមពលនុយក្លេអ៊ែរ និងបង្កសង្រ្គាមដោយមិនពិចារណាលើផលវិបាក បច្ចុប្បន្នគឺរុស្ស៊ី ។
ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង បានធ្វើការច្រានចោលទាំងស្រុងចំពោះអំណះអំណាងរបស់ទីក្រុងគីវថា រុស្ស៊ីវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl ៕