តេឡេស្កូបអវកាស James Webb ដែលធ្លាប់សិក្សាការបង្កើតកញ្ចំផ្កាយដំបូងគេបំផុតនោះ នឹងត្រូវប្រើប្រាស់ដើម្បីសិក្សាផ្កាយព្រះគ្រោះឈ្មោះ “2024 YR4”ដែលអាចបុកផែនដីនៅឆ្នាំ ២០៣២ ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមទិន្នន័យកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ផ្កាយព្រះគ្រោះនេះ មានឱកាសរហូតដល់ ៩៨ភាគរយនៃការឆ្លងផុតផែនដីដោយសុវត្ថិភាពនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០៣២ ។
ប៉ុន្តែខណៈលោក Juan Luis Cano គឺជាអ្នកស្រាវជ្រាវនៅការិយាល័យការពារភពរបស់ទីភ្នាក់ងារអវកាសអឺរ៉ុបនិយាយថា មនុស្សពុំចាំបាច់ព្រួយបារម្ភខ្លាំងពីផលប៉ះពាល់របស់វានោះ លោកនិយាយថា ក្រុមតារាវិទូ ត្រូវការទិន្នន័យបន្ថែមទៀត ។
លោកថា នេះគឺជាការព្រមានសម្រាប់ពួកយើងក្នុងនាមជាអ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវដែលគួរតែចាប់អារម្មណ៍ច្រើនលើវត្ថុបែបនេះ ។
លោកបន្តថា នោះហើយគឺជាហេតុផងដែលពួកយើងត្រូវការប្រើប្រាស់តេឡេស្កូបអវកាស James Webb ។
សូមបញ្ជាក់ថា ផ្កាព្រះគ្រោះ 2024 YR4 ត្រូវបានគេទទួលស្គាល់លើកដំបូងថា ការគំរាមកំហែងដ៏មានសក្តានុពលដល់ផែនដី កាលពីខែធ្នូ ឆ្នាំ ២០២៤ ។ តេឡេស្កូប James Webbនឹងប្រមែរប្រមូលទិន្នន័យច្បាស់លាស់បន្ថែមទៀត ពីទំហំពិតប្រាកដរបស់ផ្កាយព្រះគ្រោះ និងសិក្សាពីកម្តៅដែលវាបំភាយ ជាជាងពន្លឺដែលវាចាំង ៕