នៅថ្ងៃសុក្រនេះ រថយន្តដឹកជំនួយ និងដឹកប្រេងបន្តហូរចូលតំបន់ហ្កាហ្សាស្រ្ទីប រយៈពេល ១ថ្ងៃមុនជុំបន្ទាន់នៃការដោះលែងចំណាប់ថ្នូរតាមការរំពឹងទុកនៅក្នុងកិច្ចព្រមព្រៀងដ៏ផុយស្រួយរួចទៅហើយរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ។
បទឈប់បាញ់រយៈពេល ៤២ថ្ងៃ ស្ទើតែបរាជ័យទៅហើយចាប់តាំងពីក្រុមហាម៉ាស់ ប្រកាសពុំបានរំពឹងទុកកាលពីថ្ងៃចន្ទថា ពួកគេនឹងបញ្ឈប់ការដោះលែងចំណាប់ថ្នូរ នាំឲ្យអ៊ីស្រាអែលឆ្លើយតបវិញជាមួយនឹងការគំរាមវិលត្រឡប់មកធ្វើសង្រ្គាមវិញ ។
ក្រុមហាម៉ាស់នឹងត្រូវដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលបន្ថែមទៀតនៅថ្ងៃសៅរ៍ស្អែកនេះ ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីនដែលជាប់ក្នុងមន្ទីរឃុំឃាំងអ៊ីស្រាអែល ដូចដែលបានកើតឡើងកាលពីរយៈពេល ៣សប្តាហ៍មុន ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស់ បានបង្ហាញសញ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិអាចនឹងចៀសផុត បើទោះបីជាក្រោយការចោទប្រកាន់ថាអ៊ីស្រាអែលបំពានបទឈប់បាញ់ក៏ដោយ ។
ក្រុមហាម៉ាស់ និយាយថា ពួកគេមិនចង់ឲ្យកិច្ចព្រមព្រៀងដួលរលំនោះទេ បើទោះបីជាពួកគេច្រានចោលអ្វីដែលពួកគេចាត់ទុកថាជាភាសាគំរាម និងការបំភិតបំភ័យពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏ដោយ ៕