ព្យុះរដូវរងា បានបង្កផលប៉ះពាល់ខ្លាំងដល់ទីក្រុងធំៗជាច្រើននៅទូទាំងប្រទេសកាណាដា ហើយយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ទីក្រុង Ottawa បានមើលឃើញព្យុះព្រិលខ្លាំងក្លាបំផុតចាប់តាំងពីឆ្នាំ ២០២២ ធ្វើឲ្យមានព្រិលធ្លាក់កម្រាស់ ៣២សង់ទីម៉ែត្រ ។
ខណៈពេលនោះដែរ ព្រិលធ្លាក់កម្រាស់ ២០សង់ទីម៉ែត្រ បានគ្របដណ្តប់ទីក្រុង Toronto ផងដែរ បណ្តាលឲ្យបិទសាលារៀន ។ ទីក្រុង Toronto ត្រូវបានគេរំពឹងថា នឹងមើលឃើញព្យុះព្រិលរហូតដល់ផុតចុងសប្តាហ៍នេះ ក្នុងនោះសីតុណ្ហភាពនឹងធ្លាក់ចុះនៅក្រោមសូន្យអង្សាសេ ។
ដោយឡែកនៅតំបន់ទីក្រុងរណប Greater Montreal ព្រិលបានធ្លាក់រហូតដល់កម្រាស់ប្រហែល ៤០សង់ទីម៉ែត្រ ហើយទីភ្នាក់ងារបម្រែបម្រួលអាកាសធាតុ និងបរិស្ថានកាណាដា បានព្យាករណ៍ថានឹងមានព្យុះព្រិលមួយទៀតនៅចុងសប្តាហ៍នេះ ។
យោងតាមសេចក្តីរាយការណ៍ពីអាកាសយានដ្ឋានអន្តរជាតិក្រុង Ottawa បានឲ្យដឹងថា ជើងហោះហើរចេញ-ចូលចំនួន ៤១វ៉ុល ត្រូវបានលុបចោលមកទល់នឹងថ្ងៃនេះ ។ នៅស្រុក Belleville, Brockville, Kingston និងស្រុក Prince Edward ស្ថិតក្រោមការព្រមានពីព្រិលធ្លាក់កម្រាស់ពី ៥ ដល់ ១០សង់ទីម៉ែត្រផងដែរ ៕