នៅពេលចាប់ផ្តើមនូវសន្និសីទសន្តិសុខទីក្រុង Munich រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock នៅថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) នេះ បាននិយាយថា ត្រូវតែមិនមានសន្តិភាព នៅអ៊ុយក្រែន ដោយគ្មានការចូលរួមពីអ៊ុយក្រែន និងអឺរ៉ុបនោះឡើយ។
លោកស្រី Baerbock បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សន្តិភាពដ៏អាម៉ាស់ ពោលគឺកើតឡើងដោយរំលងអ៊ុយក្រែន និងអឺរ៉ុប នឹងមិនទទួលបានផលអ្វីឡើយ។ សន្តិភាពដ៏អាម៉ាស់ នឹងមិននាំមកនូវសន្តិសុខយូរអង្វែងឡើយ ទាំងប្រជាជននៅក្នុងប្រទេសអ៊ុយក្រែន និងពួកយើងនៅអឺរ៉ុប ឬសហរដ្ឋអាមេរិក»។
ការអត្ថាធិប្បាយនេះ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកស្រឡាំងកាំង ដោយការជជែកតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងបានប្រកាសពីការចាប់ផ្តើមកិច្ចចរចាសន្តិភាព។
ជាមួយគ្នានេះ លោកស្រី Baerbock បានអំពាវនាវឲ្យមានកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ ជាមួយសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិ នៅឯសន្និសីទសន្តិសុខទីក្រុង Munich ដែលជាការជួបជុំអន្តរជាតិប្រចាំឆ្នាំរបស់បណ្ដាមេដឹកនាំនយោបាយ មន្ត្រីយោធា និងអ្នកការទូត នៅក្នុងទីក្រុងរបស់ប្រទេសអាល្លឺម៉ង់៕