នៅថ្ងៃសុក្រនេះ ក្រុមមេដឹកនាំពិភពលោករួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធ្វើដំណើរមកដល់សម្រាប់កិច្ចប្រជុំសន្តិសុខក្រុង Munich ក្នុងនោះបញ្ហាសង្រ្គាមអ៊ុយក្រែន ក្លាយជាប្រធានបទក្តៅ ។
ជំនួបនេះ កើតមានឡើង ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយលោក Trumpនិយាយថា អ៊ុយក្រែនមិនអាចយកទឹកដីទាំងអស់របស់ពួកគេត្រឡប់មកវិញបានឡើយ ឬសូម្បីតែចូលរួមជាមួយអង្គការណាតូ ។
គណៈប្រតិភូសហរដ្ឋអាមេរិកដឹកនាំដោយលោកអនុប្រធានាធិបតី Vance ប្រេសិតពិសេសប្រចាំនៅអ៊ុយក្រែនលោក Keith Kellogg និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ទំនងជាមានជំនួបមួយជាមួយលោក Zelenskiy នៅព្រឹត្តការណ៍មួយនេះ ។
ខណៈពេលនោះដែរ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃសុក្រនេះ ក្រុមមន្រ្តីរុស្ស៊ី នឹងមិនចូលរួមកិច្ចប្រជុំសន្តិសុខក្រុង Munich នោះឡើយ ពីព្រោះថា រុស្ស៊ីពុំត្រូវបានគេអញ្ជើញឲ្យចូលរួមព្រឹត្តការណ៍មួយនេះ ៕