អាជ្ញាធតំបន់ Transdniestria ដែលគាំទ្ររុស្ស៊ី នៅថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា តំបន់ផ្តាច់ខ្លួនរបស់ប្រទេសម៉ុលដាវីមួយនេះ បានចាប់ផ្តើមទទួលបានការផ្គត់ផ្គង់ឧស្ម័ន ក្រោមប្រាក់កម្ចីដែលផ្តល់ដោយទីក្រុងមូស្គូ។
តាមរយៈសេចក្តីថ្លែងការណ៍ នៅលើកម្មវិធីផ្ញើសារ Telegram មេដឹកនាំតំបន់ Transdniestrian លោក Vadim Krasnoselsky បាននិយាយថា ការចែកចាយឧស្ម័ន អាចធ្វើទៅបានដោយសារតែជំនួយប្រាក់កម្ចីរបស់រុស្ស៊ី និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងថាមពលរបស់រុស្ស៊ី។
គួរបញ្ជាក់ថា លំហូរឧស្ម័នរុស្ស៊ីទៅកាន់តំបន់ Transdniestria តាមរយៈអ៊ុយក្រែន ត្រូវបានបញ្ឈប់ កាលពីដើមខែមករា នៅពេលដែលអ៊ុយក្រែនបដិសេធមិនបន្តកិច្ចព្រមព្រៀងបញ្ជូនឆ្លងកាត់។
នាយករដ្ឋមន្ត្រីម៉ុលដាវី លោក Dorin Recean បាននិយាយកាលពីដើមខែនេះថា ប្រទេសរបស់លោក នឹងមិនរារាំងលំហូរឧស្ម័នក្រោមការរៀបចំដែលពាក់ព័ន្ធនឹងក្រុមហ៊ុន MET Gas & Energy Marketing AG របស់ប្រទេសហុងគ្រីនោះទេ។
អ្នកស្រុករាប់ម៉ឺននាក់របស់តំបន់ Transdniestria ជាដែនដីដ៏តូចដែលគ្រប់គ្រងដោយក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ី នៅតាមបណ្ដោយព្រំដែនម៉ុលដាវី ជាមួយអ៊ុយក្រែន បានធ្លាក់ចូលទៅក្នុងវិបត្តិថាមពល កាលពីថ្ងៃទី១ ខែមករា នៅពេលដែលការដឹកជញ្ជូនឧស្ម័នធម្មជាតិរបស់រុស្ស៊ី បានផ្អាកដំណើរការ៕