ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុង «វាយតម្លៃខុស" ទាក់ទងនឹងស្ថានភាព នៅតំបន់មជ្ឈិមបូព៌ា ដោយបន្ថែមថា ការស្តាប់តាម «ការភូតកុហករបស់អ្នកគាំទ្រលទ្ធិហ្សាអឺន» នឹងធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើងៗ។
គួរបញ្ជាក់ថា ប្រទេសទួរគីបានច្រានចោលផែនការរបស់លោក Trump ក្នុងការយកពលរដ្ឋប៉ាឡេស្ទីនជាង ២លាននាក់ចេញពីតំបន់ហ្កាហ្សាស្ទ្រីប ទាមទារឲ្យសហរដ្ឋអាមេរិកគ្រប់គ្រង និងប្រែក្លាយតំបន់នេះឲ្យទៅជា «តំបន់មជ្ឈិមបូព៌ាដ៏ស៊ីវិល័យ»។ ហើយទួរគីក៏បានលើកឡើងផងដែរថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា គឺជាអំពើប្រល័យពូជសាសន៍ ខណៈដែលអំពាវនាវឲ្យមានវិធានការជាអន្តរជាតិប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រទេសនេះ។
យោងតាមប្រតិចារឹកនៃការអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មាន ក្នុងជើងហោះហើរត្រលប់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន លោក Erdogan បានលើកឡើងថា៖ «ជារឿងគួរឲ្យសោកស្ដាយណាស់ សហរដ្ឋអាមេរិក កំពុងវាយតម្លៃតំបន់របស់យើងខុស។ ការវាយតម្លៃណាមួយ មិនគួរពាក់ព័ន្ធនឹងវិធីសាស្រ្តដែលមិនយកចិត្តទុកដាក់ដល់ប្រវត្តិសាស្រ្ត តម្លៃ និងការប្រមូលផ្ដុំរបស់តំបន់នោះទេ»។
លោក Erdogan បានបន្ថែមថា លោករំពឹងថា លោក Trump នឹងធ្វើឲ្យលេចចារូបរាង ចំពោះពាក្យសន្យា អំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតរបស់លោក ដែលថា លោកនឹងចាត់វិធានការ ដើម្បីឲ្យមានសន្តិភាព ជាជាងបង្កើតជម្លោះថ្មី៕