បាល់ទាត់៖ នៅសល់រយៈពេល ៤ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ រវាងក្រុមណាហ្គាវើលដ៏ និងក្រុមវិសាខានឹងមកដល់ហើយ ពោលគឺនៅថ្ងៃទី៧ ខែវិច្ឆិកាចុងសប្ដាហ៍នេះនៅពហុកីឡដ្ឋានជាតិ។
ដោយឡែកសំបុត្រចូលទស្សនាការប្រកួតបញ្ចប់រដូវកាល សម្រាប់ពានរង្វាន់ប្រើប្រាស់តែកីឡាករក្នុងស្រុកនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសចាប់ផ្ដើមលក់ពីថ្ងៃទី០៣ ខែវិច្ឆិកានេះរហូតដល់ថ្ងៃទី០៦ ខែវិច្ឆិកា នៅការិយាល័យរបស់ខ្លួនដោយរក្សាតម្លៃ ៤,០០០រៀលដដែល។ អ្វីដែលគួរកត់សម្គាល់ជុំវិញការលក់សំបុត្រនេះដែរ CNCC បានតម្រូវឲ្យអ្នកគាំទ្រត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនទើបអាចទិញសំបុត្របាន។ ការធ្វើបែបនេះគឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ក្នុងន័យចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលជំងឺកូវីត–១៩ ក្នុងសហគមន៍ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រឡេកមកចាប់អារម្មណ៍ការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ ណាហ្គាវើលដ៏ និងវិសាខានឹងត្រូវជួបគ្នានាវេលាម៉ោង ៦ល្ងាច ក្នុងនាមបេក្ខភាពដណ្ដើមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០។ ប៉ុន្តែមុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រក៏មានគូជក់ចិត្តរវាងក្រុមភ្នំពេញក្រោន និងខេត្តព្រៃវែងដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ផងដែរ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះនឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News៕
អត្ថបទ៖ លី ឈុនឡា
