នៅថ្ងៃសុក្រនេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance បានជំរុញឲ្យអឺរ៉ុបចំណាយច្រើនជាងនេះលើវិស័យការពារជាតិ ស្របពេលរូបលោកធ្វើដំណើរមកដល់សម្រាប់កិច្ចប្រជុំសន្តិសុខអន្តរជាតិនៅប្រទេសអាល្លឺម៉ង់ ។
ថ្លែងមុនកិច្ចប្រជុំសន្តិសុខក្រុង Munich ដែលជាការជួបជុំគ្នាប្រចំាឆ្នាំរបស់ក្រុមមេដឹកនាំ ក្រុមមន្រ្តីយោធា និងក្រុមមន្រ្តីការទូតសំខាន់ៗនោះ លោក Vance បានលើកឡើងម្តងទៀតពីការទាមទាររបស់លោកប្រធានាធិបតី Donald Trumpថា អឺរ៉ុបត្រូវតែធ្វើអ្វីបន្ថែមទៀត ដើម្បីការពារខ្លួនឯង ។
អំឡុងជំនួបជាមួយប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier លោក Vance និយាយថា ជាការពិតណាស់ថា អឺរ៉ុបគឺជាសម្ព័ន្ធមិត្តដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក ។ ពួកយើងគិតផងដែរថា វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការទទួលស្គាល់នៅពេលអនាគត ពួកយើងគិតថា អឺរ៉ុបត្រូវតែមានការរួមចំណែកធំជាងនេះ លើសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ ។
លោកបន្តថា ជាក់ស្តែងណាស់ថាអាល្លឺម៉ង់ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតនៅអឺរ៉ុប ត្រូវតែមានការរួមចំណែកធំនៅទីនោះ ។
លោក Vance នឹងមានជំនួបផងដែរជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅថ្ងៃសុក្រនេះ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្វើឲ្យសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយលោក Trump បានប្រកាសផងដែរ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាបញ្ចប់សង្រ្គាមអ៊ុយក្រែន ៕