លោក Alaa Al Attar គឺជាអភិបាលក្រុង Beit Lahiya ស្ថិតក្នុងតំបន់ហ្កាហ្សា និយាយថា ទីក្រុងរបស់លោកកំពុងពិបាកទទួលបានទឹកស្អាតដោយសារការដួលរលំនៃប្រព័ន្ធទឹក ជាទីដែលពួកយើងរកឃើញអណ្តូងទឹកចំនួន ១៥ ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងទីក្រុងមួយនេះ ។
លោក Attar និយាយថា មាននូវកង្វះខាតធំ ដោយសារដែនដីកាន់កាប់មួយនេះ ត្រូវបានរារាំងមិនអនុញ្ញាតឲ្យចូលនូវម៉ាស៊ីនខួង គ្រឿងចក្រ ម៉ាស៊ីនភ្លើង និងឧបករណ៍ផ្សេងទៀតដែលត្រូវការប្រតិបត្តិការនៅក្នុងអណ្តូងទឹកទាំងអស់នេះ ។
ក្រុមហាម៉ាស់ បានបង្ហាញសញ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិអាចនឹងចៀសផុត បើទោះបីជាក្រោយការចោទប្រកាន់ថាអ៊ីស្រាអែលបំពានបទឈប់បាញ់ក៏ដោយ ។
ក្រុមហាម៉ាស់ និយាយថា ពួកគេមិនចង់ឲ្យកិច្ចព្រមព្រៀងដួលរលំនោះទេ បើទោះបីជាពួកគេច្រានចោលអ្វីដែលពួកគេចាត់ទុកថាជាភាសាគំរាម និងការបំភិតបំភ័យពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏ដោយ ។
ដោយឡែក ក្រុមមន្រ្តីជំនួយអន្តរជាតិ បានបញ្ជាក់ថា ជំនួយនៅតែហូរចូលក្នុងតំបន់ហ្កាហ្សា បើទោះបីជាមានបញ្ហាភស្តុភារក៏ដោយ ហើយពួកគេបានក្រើនរំឭកថា ជំនួយត្រូវការបន្ថែមទៀតសម្រាប់ជនប៉ាឡេស្ទីននៅក្នុងដែនដីបិទច្រកមួយនេះ ៕

