ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១៤ ខែកុម្ភៈ មានកម្មករនិយោជិតរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានឆាបឆេះកាលពេលកន្លងទៅ និងប្រជាពលរដ្ឋដទៃផ្សេងទៀតបានមកសួរនាំ និងធ្វើការទាក់ទងជាមួយបណ្តាក្រុមហ៊ុន សហគ្រាស ដែលសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងការផ្សព្វផ្សាយអំពីតម្រូវការកម្លាំងពលកម្ម។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះថា ដើម្បីជួយសម្រួលបញ្ហាការងាររបស់កម្មករនិយោជិត រោងចក្រ ហ្វ័រម៉ាត ដែលត្រូវបានឆាបឆេះកាលពីកន្លងទៅ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រសួងការងារ បានបញ្ជូនក្រុមការងារ នៃមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីផ្ដល់ព័ត៌មានការងារថ្មីៗ ជូនដល់កម្មករនិយោជិត។ ក្នុងនោះ NEA ក៏មានកិច្ចសហការជាមួយបណ្តាក្រុមហ៊ុន សហគ្រាស ចំនួនជាង១០ ដើម្បីរង់ចាំជួយសម្របសម្រួលដល់ការចុះឈ្មោះ និងសម្ភាសន៍ការងារភ្លាមៗជូនកម្មករនិយោជិត នៅមុខរោងចក្រ ហ្វ័រម៉ាត តែម្តង ដោយផ្តល់ឱកាសការងារចំនួនជិត ៩ពាន់កន្លែង។
ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់ នៃរោងចក្រដែលត្រូវបានអគ្គិភ័យឆាបឆេះ ក៏ដូចជាយុវជន និងប្រជាពលរដ្ឋទូទៅ ពិសេសអ្នករស់នៅតំបន់នេះ ក៏អាចអញ្ជើញមកចុះឈ្មោះស្វែងរកការងារធ្វើកន្លែងថ្មី តាមរយៈមជ្ឈមណ្ឌលការងារចល័ត ដែលមានមន្រ្ដី និងតំណាងរោងចក្រ សហគ្រាស រង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនកម្មករនិយោជិត រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅមុខរោងចក្រ ហ្វ័រម៉ាត តែម្តង។
លោក វ៉ិត សង្ហា ប្រធានរដ្ឋបាលរោងចក្រ ខេអេច វីស្តារ ហ្គាម៉ិន ឯ.ក ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងដែរថា គិតចាប់ពីថ្ងៃផ្សព្វផ្សាយតម្រូវការកម្លាំងពលកម្មរហូតមកដល់ពេលនេះ គឺមានការសួរនាំព័ត៌មាន និងដាក់ពាក្យសម្ភាសន៍ការងាររបស់កម្មករ កម្មការិនីភ្លាមៗផងដែរ។ លោក បានបន្តថា ខាងរោងចក្រលោកត្រូវការកម្លាំងពលកម្មជាបន្ទាន់ខាងផ្នែកដេរចំនួន ១ពាន់នាក់ ក្នុងនោះសម្រាប់អ្នកមិនចេះសោះក៏ទទួលដែរ ដោយសាររោងចក្រមានការបង្រៀនមុនអនុញ្ញាតចូលបំពេញការងារ។ ចំពោះប្រាក់ខែ លោកបានបន្ថែមថា បូករួមទាំងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ មានដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់ថ្លៃបាយ និងប្រាក់ស្នាក់នៅនិងធ្វើដំណើរជាដើម កម្មករនិយោជិតអាចទទួលចន្លោះ ៣៥០ ទៅ ៥០០ដុល្លារ ក្នុងមួយខែ ទៅតាមជំនាញ និងមុខតំណែងនីមួយៗ។
សូមរម្លឹកថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលមានកម្មករនិយោជិតបម្រើការងារសរុបចំនួន ៤៦៦នាក់ ត្រូវបានអគ្គិភ័យឆាបឆេះ និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។ ករណីនេះ មិនបណ្តាលឲ្យកម្មករនិយោជិតណាមួយរងគ្រោះថ្នាក់នោះទេ៕
អត្ថបទ៖ ឈិត បូរ៉ាវី









