អាស៊ី៖ ការផ្ទុះរាលដាលមួយចំនួននៃជំងឺផ្ដាសាយបក្សីដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់អឺរ៉ុប និងអាស៊ីត្រូវបានរាយការណ៍នាពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទៅកាន់អង្គការសុខភាពពិភពលោកសម្រាប់សុខភាពសត្វ (OIE) ជាសញ្ញាបញ្ជាក់ថា វីរុសនេះកំពុងផ្ទុះរាលដាលយ៉ាងឆាប់រហ័សជាថ្មីទៀត។ ការរាតត្បាតនៃវីរុសដែលភាគច្រើនកើតមានលើបក្សី និងចម្លងឆាប់រហ័សដែលគេស្គាល់ជាទូទៅថា ជំងឺផ្ដាសាយបក្សីបានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មសត្វ បន្ទាប់ពីការផ្ទុះរាលដាលកាលពីពេលកន្លងទៅ ដែលឈានដល់ការសម្លាប់បក្សីរាប់ពាន់លានក្បាល។

ការផ្ទុះរាលដាលនេះក៏បានបង្កឲ្យមានការរឹតត្បិត លើការធ្វើពាណិជ្ជកម្មសាច់បក្សីជារឿយៗផងដែរ។ នេះគឺជាទាក់ទាញចំណាប់អារម្មណ៍ផងដែរចំពោះក្រុមអ្នកជំនាញខាងវីរុសរាតត្បាត ខណៈដែលវីរុសនេះអាចត្រូវបានចម្លងទៅកាន់មនុស្ស។ ប្រទេសចិនបារាយការណ៍ករណីឆ្លងជំងឺផ្ដាសាយបក្សីប្រភេទ H5N6 ទៅមនុស្សចំនួន ២១ករណីនៅឆ្នាំនេះ ដែលចំនួននេះច្រើនជាងកាលពីឆ្នាំ២០២០។ ប្រមុខអង្គការ OIE បាននិយាយកាលពីថ្ងៃចន្ទថា ដោយសំអាងប្រភពពីក្រុមអាជ្ញាធររបស់កូរ៉េខាងត្បូង ប្រទេសនេះបានរាយការណ៍ករណីផ្ទុះរាលដាលជំងឺផ្ដាសាយបក្សីប្រភេទនេះ នៅឯកសិដ្ឋានមួយដែលមានបក្សីប្រមាណ ៧៧០,០០០ក្បាលនៅក្នុងខេត្ត Chungcheongbuk-do។ ហើយបក្សីទាំងអស់នោះត្រូវបានសម្លាប់ចោល។

អង្គការនេះបាននិយាយថា នៅតំបន់អាស៊ីផងដែរគឺប្រទេសជប៉ុនបានរាយការណ៍ ករណីផ្ទុះរាលដាលជាលើកដំបូងរបស់ខ្លួននៅក្នុងរដូវរងាឆ្នាំ២០២១ នេះនៅឯកសិដ្ឋានមួយក្នុងភាគឦសានប្រទេស ជាការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីសប្ដាហ៍មុន ដោយក្រសួងកសិកម្មរបស់ប្រទេសជប៉ុន។ វីរុសដែលបានផ្ទុះនៅទីនោះគឺជាប្រភេទជំងឺផ្ដាសាយបក្សីដែលមានឈ្មោះថា H5N8។ អង្គការនេះបាននិយាយថា នៅក្នុងទ្វីបអឺរ៉ុប ប្រទេសន័រវេសបានរាយការណ៍ការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សីប្រភេទ H5N1 នៅកសិដ្ឋានក្នុងតំបន់ Rogaland ដែលមានបក្សីប្រមាណ ៧,០០០ក្បាល៕
អត្ថបទ៖ សុខមាន