នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងទីក្រុងឡុងដ៍ ជាសញ្ញាចុងក្រោយនៃការធ្វើឲ្យប្រសើរទំនាក់ទំនង រវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានទទួលជួបពិភាក្សាជាមួយលោក Wang ខណៈអ្នកការទូតជាន់ខ្ពស់ទាំងពីរបានស្តារឡើងវិញនូវអ្វីដែលគេហៅថា កិច្ចសន្ទនាយុទ្ធសាស្ត្រអង់គ្លេស-ចិន ជាវេទិកាទ្វេភាគីដែលបានធ្វើឡើងចុងក្រោយនៅក្នុងឆ្នាំ២០១៨ មុនពេលវាជាប់គាំងខណៈទំនាក់ទំនងកាន់តែជូរចត់។
អ្នកនាំពាក្យការិយាល័យ Downing Street បាននិយាយថា លោក Starmer បានឆ្លៀតចូលរួមក្នុងជំនួបរវាងលោក Wang និងទីប្រឹក្សាសន្តិសុខជាតិរបស់ចក្រភពអង់គ្លេស លោក Jonathan Powell ។
អ្នកនាំពាក្យរូបនេះបាននិយាយថា លោក Starmer បានគូសបញ្ជាក់អំពីបំណងរបស់លោកក្នុងការ កសាងទំនាក់ទំនងមិនផ្លាស់ប្តូរនិងគោរពគ្នា រវាងចក្រភពអង់គ្លេស និងចិន ហើយ បានរំលឹកឡើងវិញ ថា ចក្រភពអង់គ្លេសនឹងតែងតែចូលរួមដោយស្មោះត្រង់ពិភាក្សាលើទស្សនៈដែលខ្វែងគំនិតគ្នា។
រដ្ឋាភិបាលគណបក្សការងារ ដែលបានជាប់ឆ្នោតកាលពីខែកក្កដា បានព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ចក្រភពអង់គ្លេសជាមួយទីក្រុងប៉េកាំង បន្ទាប់ពីប្រទេសទាំងពីរបានធ្លាក់ចុះទំនាក់ទំនងក្នុងអំឡុងពេលឆ្នាំចុងក្រោយនៃការគ្រប់គ្រងបែបអភិរក្សនិយម។
ទំនាក់ទំនងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយសារតែការរិះគន់របស់ចក្រភពអង់គ្លេសលើការបង្រ្កាបរបស់ប្រទេសចិនជុំវិញសេរីភាពនៅក្នុងទីក្រុងហុងកុង ការអះអាងពីចារកម្មរបស់ចិន និងការជ្រៀតជ្រែកផ្នែកនយោបាយនៅក្នុងចក្រភពអង់គ្លេស ព្រមទាំងការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះប្រទេសរុស្ស៊ីក្នុងសង្គ្រាមរបស់ប្រទេសនេះជាមួយអ៊ុយក្រែន។