អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ថា សហរដ្ឋអាមេរិក បានត្រៀមជាស្រេចដើម្បីដាក់សម្ពាធលើប្រទេសរុស្ស៊ី ដើម្បីឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន មុនជំនួបជាមួយប្រធានាធិបតី លោក Volodymyr Zelenskyy ។
លោក Vance ក៏បានស្វែងរកការធានាឡើងវិញចំពោះបណ្តាប្រទេសសហភាពអឺរ៉ុប ដែលមានការព្រួយបារម្ភអំពីការដែលត្រូវបានគេទាត់ចោលពីសង្វៀនចរចាស្តីពីការបញ្ចប់ជម្លោះរយៈពេលជិតបីឆ្នាំដោយនិយាយថា «ពិតណាស់» វាគួរតែនៅឯតុ ប៉ុន្តែលោកបាននិយាយបន្ថែមថា សហភាពអឺរ៉ុបចាំបាច់ត្រូវចែករំលែកបន្ទុកបន្ថែមទៀត សម្រាប់ការការពារខ្លួន។
និយាយនៅមុនពេលជួបជាមួយលោក Vance នៅទីក្រុងមុយនិច(Munich) លោក Zelenskyy បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាដោយផ្ទាល់ជាមួយរុស្ស៊ី នៅពេលដែលទីក្រុងគីវ ឈានដល់ជំហររួមមួយជាមួយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ស្តីពីរបៀបត្រូវបញ្ចប់សង្គ្រាម។ លោក Zelenskyy បាននិយាយថា យើងត្រៀមខ្លួនសម្រាប់ការសន្ទនាណាមួយជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង។ «ប្រសិនបើពួកគេ ផ្តល់ឱ្យយើងនូវចម្លើយច្បាស់លាស់ចំពោះសំណើជាក់លាក់ពីយើង និងការយោគយល់ទូទៅពីលោកពូទីនដ៏គ្រោះថ្នាក់នោះ ក្រោយមកការយោគយល់រួមរបស់យើង យើងនឹងត្រៀមខ្លួនដើម្បីពិភាក្សាជាមួយរុស្ស៊ី»។
ប៉ុន្តែនៅក្នុងសញ្ញាចម្រុះពីទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បានព្រមានជាថ្មីម្តងទៀតថា ដៃគូសម្ព័ន្ធយោធាណាតូនៅអឺរ៉ុបរបស់អាមេរិក នឹងត្រូវធ្វើការច្រើនជាងនេះ សម្រាប់វិស័យការពារជាតិរបស់ខ្លួន និងដើម្បីធានាបានសន្តិភាពនៅអ៊ុយក្រែន នាពេលអនាគត។