ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកមានផែនការឈានឆ្ពោះទៅរកការដំឡើងពន្ធលើរថយន្តបរទេស នៅថ្ងៃទី២ ខែមេសា ប៉ុន្តែពុំបានបញ្ជាក់ថាតើពន្ធនោះនឹងមានចំនួនប៉ុន្មាន ឬប្រទេសណាខ្លះ អាចត្រូវបានកំណត់គោលដៅ នៅឡើយ។
នៅពេលត្រូវបានសួរអំពីថាតើនៅពេលណាដែលលោកអាចដាក់ពន្ធបន្ថែមលើរថយន្ត ក្នុងអំឡុងពេលសុន្ទរកថានៅក្នុងការិយាល័យOval Office លោកTrump បាននិយាយថា «ប្រហែលជានៅថ្ងៃទី២ ខែមេសា»។ លោកនិយាយថា លោកមានផែនការប្រកាសការដំឡើងពន្ធនៅថ្ងៃទី១ ខែមេសា។
លោក Trump បានស្នើឲ្យមានវិធានការពាណិជ្ជកម្មផ្សេងៗរួចហើយនៅក្នុងប៉ុន្មានសប្តាហ៍ដំបូងរបស់លោកនៅក្នុងការចូលកាន់តំណែង ដែលអាចមានផលវិបាកច្រើនសម្រាប់ឧស្សាហកម្មរថយន្ត។
លោក Trump បានប្រកាសផែនការដាក់ពន្ធបន្ថែម២៥ភាគរយចាប់ពីថ្ងៃទី១២ ខែមីនា លើដែកថែបនិងអាលុយមីញ៉ូមបរទេស ជាមុខទំនិញចូលដ៏សំខាន់សម្រាប់ឧស្សាហកម្មរថយន្ត។
លោកបានស្នើដាក់ពន្ធបន្ថែម២៥ភាគរយលើការនាំចូលទាំងអស់ពីប្រទេសកាណាដា និងម៉ិកស៊ិក ដែលផ្គត់ផ្គង់វត្ថុធាតុដើម និងគ្រឿងបន្លាស់ និងជាកន្លែងផលិតសម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗ។ លោក Trump បានផ្អាកការដាក់ពន្ធបន្ថែមសរុបទាំងនោះ រហូតដល់ថ្ងៃទី៤ ខែមីនា ខណៈលោកកំពុងចរចា ជុំវិញការព្រមព្រៀងលើបញ្ហាគ្រឿងញៀន និងជនអន្តោប្រវេសន៍។
ប៉ុន្តែលោកបានឈានទៅមុខកាលពីដើមខែនេះ ដោយការដាក់ពន្ធបន្ថែម១០ភាគរយលើប្រទេសចិន ជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តដ៏សំខាន់។