អនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) បានសន្យាថា ទីក្រុងវ៉ាស៊ីនតោននឹងស្វែងរកសន្តិភាព «យូរអង្វែង» នៅពេលដែលលោកបានជួបប្រជុំលើកដំបូងជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky ដើម្បីពិភាក្សាអំពីការជំរុញរបស់លោក Donald Trump ដើម្បីឲ្យមានកិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូ។
កិច្ចពិភាក្សានៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់នេះ ត្រូវបានគេមើលឃើញថា ជាពេលវេលាដ៏សំខាន់ សម្រាប់ទីក្រុងគីវ ខណៈដែលខ្លួនព្យាយាមធ្វើយ៉ាងណាឲ្យទីក្រុងវ៉ាស៊ីនតោនឈរនៅខាងខ្លួន បន្ទាប់ពីលោក Trump បានផ្ដល់ភាពភា្ញក់ផ្អើលដល់សម្ព័ន្ធមិត្ត ដោយការប្រកាសកិច្ចប្រឹងប្រែងសន្តិភាពជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin។
ក្រោយបញ្ចប់កិច្ចប្រជុំ លោក Vance បាននិយាយថា៖ «យើងចង់សម្រេចបាននូវសន្តិភាពឋិតថេរយូរអង្វែង ពោលគឺមិនមែនជាប្រភេទនៃសន្តិភាពដែលនឹងមានជម្លោះ នៅអឺរ៉ុបខាងកើត ក្នុងរយៈពេល ២-៣ឆ្នាំទៀតនោះទេ»។
លោកបានបន្ថែមថា មាននូវ «ការសន្ទនាដ៏ល្អ» ជាមួយលោក Zelensky អំពីរបៀបដែលពួកលោកអាចឈានដល់គោលដៅនោះ ហើយពួកលោកនឹងមានការពិភាក្សាបន្ថែមទៀត «នៅប៉ុន្មានថ្ងៃ ប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខ»។
ចំណែកលោក Zelensky ក៏បានសាទរចំពោះ «ការសន្ទនាដ៏ល្អ» នេះដែរ ដោយលោកបាននិយាយថា៖ «ការជួបជាមួយលោក Vance គឺជាការជួបគ្នាលើកដំបូងរបស់យើង មិនមែនចុងក្រោយទេ ខ្ញុំច្បាស់ណាស់»៕