ដោយដកស្រង់សម្តីមន្ត្រីម្នាក់ នៅក្រសួងការពារជាតិកូរ៉េខាងជើង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍ (ទី១៥ ខែកុម្ភៈ) នេះ បានលើកឡើងថា សហរដ្ឋអាមេរិកគួរតែបោះបង់ការគំរាមកំហែងផ្នែកយោធាចោលទៅ ប្រសិនបើខ្លួនមានការព្រួយបារម្ភ អំពីសុវត្ថិភាពដែនដីគោករបស់ខ្លួន។
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ KCNA បានដកស្រង់សម្តីប្រមុខទីបញ្ជាការប្រចាំតំបន់ភាគខាងជើងរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ដែលបានធ្វើអត្ថាធិប្បាយ អំពីសមត្ថភាពមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) របស់កូរ៉េខាងជើង ដែលអាចវាយប្រហារទៅដល់ដែនដីគោករបស់សហរដ្ឋអាមេរិក។
សេចក្ដីរាយការណ៍បានលើកឡើងថា គឺសហរដ្ឋអាមេរិកទៅវិញទេ ដែលកំពុងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា ដូចជាការរៀបចំសមយុទ្ធសង្គ្រាមជាមួយកូរ៉េខាងត្បូង និងការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅកាន់ឧបទ្វីបកូរ៉េ។
សេចក្ដីរាយការណ៍នោះ បានបន្ថែមថា វាគឺជាសិទ្ធិអធិបតេយ្យភាពរបស់កូរ៉េខាងជើង ក្នុងការធ្វើឲ្យប្រសើរឡើងនូវអំណាចការពារខ្លួន៕