សារព័ត៌មាន Axios កាលពីថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) បានរាយការណ៍ថា ភាគីដែលចាប់អារម្មណ៍ទិញកម្មវិធីវីដេអូខ្លីៗដ៏ពេញនិយម គឺ TikTok កំពុងពិភាក្សាដោយផ្ទាល់ជាមួយសេតវិមាន ហើយមិនមែនជាមួយម្ចាស់របស់បណ្ដាញសង្គមនេះ គឺក្រុមហ៊ុនចិន ByteDance នោះទេ។
គួរបញ្ជាក់ថា ជោគវាសនារបស់ TikTok បានស្ថិតក្នុងភាពមិនច្បាស់លាស់ នៅសហរដ្ឋអាមេរិក ចាប់តាំងពីមានច្បាប់ដែលតម្រូវឲ្យក្រុមហ៊ុន ByteDance លក់បណ្ដាញសង្គមនេះ ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ ឬបើមិនដូច្នោះទេប្រឈមនឹងការហាមឃាត់ដែលបានចូលជាធរមាន នាថ្ងៃទី១៩ ខែមករា។ បន្ទាប់ពីចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ប្រធានាធិបតី លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យដែលស្វែងរកការពន្យារពេល ៧៥ថ្ងៃ សម្រាប់ការអនុវត្តច្បាប់នេះ។
ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ សេតវិមាន បណ្ដាញសង្គម TikTok និងក្រុមហ៊ុន ByteDance មិនបានឆ្លើយតបភ្លាមៗនោះឡើយ សម្រាប់សំណើសុំការអត្ថាធិប្បាយ។ លោក Trump បានបង្ហាញពីចំណាប់អារម្មណ៍ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកមានភាគហ៊ុន នៅក្នុងកម្មវិធី ដែលត្រូវបានប្រើប្រាស់ដោយស្ទើរតែពាក់កណ្តាលនៃប្រជាជនអាមេរិកទាំងអស់។
ភាពជ្រួលច្របល់ នៅក្នុងបណ្ដាញ TikTok បានទាក់ទាញអ្នកចង់ទិញដ៏មានសក្តានុពលជាច្រើន ក្នុងនោះរួមទាំងអតីតម្ចាស់ក្លិបប៊េសបល Los Angeles Dodgers លោក Frank McCourt ដែលបានចាប់អារម្មណ៍លើអាជីវកម្មកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលអ្នកវិភាគប៉ាន់ស្មានថា អាចមានតម្លៃដល់ទៅ ៥០ពាន់លានដុល្លារ៕