តុលាការអាហ្សង់ទីន បានចេញដីកាចាប់ខ្លួនមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា និងអតីតមន្ត្រីផ្សេងទៀត ក្នុងនោះមានរួមទាំងអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាព គឺលោកស្រី Aung San Suu Kyi (អ៊ុងសាន ស៊ូជី) ផងដែរ ជុំវិញការចោទប្រកាន់ថា ប្រព្រឹត្តអំពើ «ប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដែលកំណត់គោលដៅលើក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
សេចក្តីសម្រេចរបស់តុលាការ ដែលសារព័ត៌មាន AFP បានឃើញកាលពីថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) ត្រូវបានចេញ ដើម្បីឆ្លើយតបទៅនឹងពាក្យបណ្តឹងដែលដាក់នៅប្រទេសអាហ្សង់ទីន ដោយក្រុមអ្នកតស៊ូមតិ សម្រាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
ពាក្យបណ្ដឹងនេះ ត្រូវបានធ្វើឡើងនៅទីនោះ ក្រោមគោលការណ៍ «យុត្តាធិការសកល» ដែលប្រទេសនានាអាចកាត់ទោសបទឧក្រិដ្ឋ ដោយមិនគិតពីកន្លែងដែលបទល្មើសនោះកើតឡើង ប្រសិនបើដូចជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឬឧក្រិដ្ឋកម្មសង្គ្រាម ការប្រព្រឹត្តិនោះត្រូវបានចាត់ទុកថា ធ្ងន់ធ្ងរគ្រប់គ្រាន់។
ដីកានេះត្រូវបានចេញ ដើម្បីចាប់ខ្លួនមន្ត្រីយោធា និងស៊ីវិល ក្នុងនោះរួមទាំងមេដឹកនាំរបបយោធាបច្ចុប្បន្នផងដែរ គឺលោក Min Aung Hlaing អតីតប្រធានាធិបតី លោក Htin Kyaw និងអតីតមេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi ក្នុងតួនាទីជា «ទីប្រឹក្សារដ្ឋ» ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ជាពេលដែលលោកស្រី ត្រូវបានទម្លាក់ចេញពីអំណាចដោយរដ្ឋប្រហារ។ លោក Hlaing ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ផងដែរ។
គួរបញ្ជាក់ថា បើយោងតាមអង្គការលើកលែងទោសអន្តរជាតិ បានឲ្យដឹងថា ដោយមានដើមកំណើតមកពីសហភាពមីយ៉ាន់ម៉ាដែលភាគច្រើនគោរពបូជាពុទ្ធសាសនានោះ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាម ត្រូវបានទទួលរងនូវរបបមួយ ដែលស្រដៀងទៅនឹងការប្រកាន់ពូជសាសន៍។
ចាប់ពីដើមដំបូងនៃឆ្នាំ២០១៧ មនុស្សជាច្រើនត្រូវបានបង្ខំឲ្យភៀសខ្លួនចេញ ដោយសារការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សា ដោយពួកគេបានធ្វើដំណើរឆ្នោះទៅកាន់ប្រទេសអ្នកមាន គឺម៉ាឡេស៊ីដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន ឬទៅកាន់ជំរុំជនភៀសខ្លួន ក្នុងប្រទេសបង់ក្លាដែស ជាកន្លែងដែលពួកគេរស់នៅប្រហែល ១លាននាក់៕