វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic បានបើកឆាកការប្រកួតកម្មវិធីចុងឆ្នាំរបស់ ATP ហៅថា ATP Finals នៅទីក្រុងទូរីនប្រទេសអ៊ីតាលីជាមួយនឹងជ័យជំនះលើ Casper Ruud។ មុនការប្រកួតចាប់ផ្តើមកីឡាករស៊ែបរូបនេះបានទទួលពាន ATP ក្នុងនាមជាកីឡាករបញ្ចប់ឆ្នាំលំដាប់លេខ ១ ពិភពលោក។

មិនលំបាកឡើយសំរាប់ Novak Djokovic ដោយបានយកឈ្នះគូប្រកួតសញ្ជាតិណ័រវេយ Casper Ruud លទ្ធផល ៧-៦ និង ៦-២។ ការប្រកួតនេះ Novak Djokovic ក៏បានជួបជាមួយខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ផងដែរខណៈខ្សែប្រយុទ្ធរបស់ AC Milan រូបនេះគឺជាអ្នកគាំទ្ររបស់ Djokovic។ លទ្ធផលនៅក្នុងពូលពណ៌បៃតងនេះមួយគូទៀត កីឡាកររុស្ស៊ី Ruben Rublev បានយកឈ្នះជើងឯកឆ្នាំ២០១៨ កីឡាករក្រិក Stefanos Tsitsipas ៦-៤ និង ៦-៤។ ចំណែកនេះនឹងមានការប្រកួតនៅក្នុងពូលក្រហម ដែលមានវត្តមានកីឡាករ ៤នាក់ទៀតគឺ Daniil Medvedev សញ្ជាតិរុស្ស៊ី, កីឡាករអាល្លឺម៉ង់ Alexander Zverev, កីឡាករអ៊ីតាលី Matteo Berrettini និងកីឡាករប៉ូឡូញ Hubert Hurkacz៕
អត្ថបទ៖នាង សុភាវុធ