ចំណាប់ថ្នូរអ៊ីស្រាអែល ៣នាក់ ត្រូវបានពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រគល់ឲ្យទៅកាកបាទក្រហម នៅតំបន់ហ្កាហ្សា នាថ្ងៃសៅរ៍ (ទី១៥ ខែកុម្ភៈ) នេះ ជាការដោះដូរលើកទី៦ រវាងចំណាប់ថ្នូរ និងអ្នកទោសប៉ាឡេស្ទីន ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីខែមុន។
ចំណាប់ថ្នូរដែលសុទ្ធតែមានសញ្ជាតិ ២ គឺអាមេរិក-អ៊ីស្រាអែឈ្មោះ Sagui Dekel-Chen រុស្ស៊ី-អ៊ីស្រាអែល Alexandre Troufanov និងអាហ្សង់ទីន-អ៊ីស្រាអែល Iair Horn ត្រូវបានដោះលែងនៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា នៅវេលាម៉ោងប្រហែល ១០ព្រឹក ម៉ោងក្នុងស្រុក។ ពួកគេត្រូវបានគេឃើញចេញពីរថយន្តឡោមព័ទ្ធដោយក្រុមសកម្មប្រយុទ្ធ ដែលបានដើរអមចំណាប់ថ្នូរឡើងលើវេទិកា ជាកន្លែងដែលអ្នកត្រូវបានចាប់ខ្លួន បាននិយាយទៅកាន់ហ្វូងមនុស្ស។
បុរសទាំងនោះ មើលទៅហាក់ដូចជាមានសុខភាពល្អប្រសើរជាងចំណាប់ថ្នូរ ៣នាក់ដែលត្រូវបានដោះលែងកាលពីសប្តាហ៍មុន ដែលស្ថានភាពរបស់ពួកគេ បាននាំឲ្យមានការថ្កោលទោសពីមន្ត្រីអ៊ីស្រាអែល។
សមាគមអ្នកទោសប៉ាឡេស្ទីន បានឲ្យដឹងកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលត្រូវបានគេរំពឹងថា នឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ៣៦៩នាក់ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដោយក្នុងនោះ ៣៣៣នាក់ ត្រូវបានចាប់ខ្លួន នៅតំបន់ហ្កាហ្សា បន្ទាប់ពីមានការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល។ វានឹងក្លាយជាចំនួនអ្នកទោសប៉ាឡេស្ទីនច្រើនបំផុតដែលទទួលបានសេរីភាព អំឡុងដំណើរការដោះដូរ រហូតមកដល់ពេលនេះ៕