កោះកុង៖ ប្រជាពលរដ្ឋអ្នកស្រុកបូទុមសាគរ ខេត្តកោះកុង នៅតែរក្សាបាននូវប្រពៃណីដាល់អំបុកបានយ៉ាងល្អ ខណៈទើបតែប្រមូលផលស្រូវថ្មីដាក់ចង្រុកតាមខ្នងផ្ទះរបស់ខ្លួន និងគៀកថ្ងៃដល់ពិធីបុណ្យអុំទូកខិតជិតមកដល់ផង។
មិនខុសពីឆ្នាំណាៗទេ ប្រជាកសិករនៅតាមឃុំនីមួយៗរបស់ស្រុកបូទុមសាគរ រមែងបណ្តាក់ដៃគ្នាចុះច្រូតកាត់ស្រូវដែលទុំពេញប្រមូលសម្រាប់ដឹកយកទៅទុកជាស្បៀងអាហារបរិភោគប្រចាំថ្ងៃ ឬលក់ដូរទៅកាន់ទីផ្សារតាមតម្រូវការរបស់ក្រុមគ្រួសារកសិករម្នាក់ៗ។
កសិករខ្លះមានលទ្ធភាពអាចប្រមូលដោយម៉ាស៊ីនខ្លួនឯងបាន រីឯខ្លះទៀតប្រើកម្លាំងពលកម្មក៏ ព្រោះតែមើលឃើញបញ្ហានេះ លោកស្រី គ្រី សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាស្រុក លោកហាក់ ឡេង អភិបាលស្រុកបូទុមសាគរ អាជ្ញាធរសមត្ថកិច្ច និងយុវជននាំគ្នាបង្កើតជាសកម្មភាពចុះជួយច្រូតស្រូវជូនពលរដ្ឋឃុំកណ្តោល រួចបន្តរៀបចំកម្មវិធីដាល់អំបុកក្នុងបរិវេនវត្តពោធិរង្សី ក្នុងន័យអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជិតចូលមកដល់នាពេលខាងមុខ។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ឱ្យដឹងនៅថ្ងៃទី១៦ខែវិច្ឆិកានេះថា លោក ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធតែងយល់ដឹងពីសុខទុក្ខលំបាករបស់ពលរដ្ឋ ទើបដឹកនាំក្រុមការងារជួយច្រូតកាត់ស្រូវនេះឡើងក្រោមបរិយាការប្រកបដោយស្នាមញញឹមសាមគ្គីភាពរវាងអាជ្ញាធរ និងពលរដ្ឋកាន់តែស្និតស្នាល។
លោកហាក់ ឡេង បន្ថែមថា ទង្វើដែលស្តែងឡើងនេះ បង្ហាញពីកិច្ចសាមគ្គីភាពផ្សារភ្ជាប់ទំនាក់ទំនងរវាងខ្មែរនឹងខ្មែរយើងដោយមិនប្រកាន់វណ្ណៈពណ៌សម្បុរ ព្រមទាំងនិន្នាការនយោបាយអ្វីនោះទេ។ ម៉្យាងទៀត យើងរក្សាបានអត្តសញ្ញាណប្រពៃណីជាតិខ្មែរឱ្យកូនចៅជំនាន់ក្រោយបានដឹង ហើយរក្សាបន្តទៀត។
សកម្មភាពថែរក្សាទំនៀមទម្លាប់ប្រពៃណជាតិខ្មែរអំពីការច្រូតកាត់ និងដាល់អំបុកស្រូវថ្មីនេះដែរ ត្រូវបានលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បង្ហាញការគាំទ្រលើកចិត្តយ៉ាងខ្លាំងដល់អ្នកភូមិបង្កើតជាកម្មប្រលងប្រណាំងបុកអំបុកដែលមានរសជាតិឆ្ងាញ់ ដើម្បីរឹតចំណងមិត្តភាព ភាពសុខុដុមរមនា និងកិច្ចអភិវឌ្ឍន៍សង្គមជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
លោកជំទាវអភិបាលខេត្ត ជំរុញឱ្យស្រុកស្រែអំបិល និងស្រុកថ្មបាំង ដែលជាស្រុកដាំដុះកសិកម្ម បង្កើតកម្មវិធីដាល់អំបុកនេះឡើងក្នុងឱកាសថ្ងៃពិធីបុណ្យអុំទូក ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តមូលដ្ឋាន និងរួមចំណែកការពារកេរ្តិ៍ដូនតាឱ្យគង់វង្សទៅអនាគត៕ អត្តបទ៖ ឈឹម មករា
សូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗ





