សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប ខណៈការកើនឡើងនេះគឺ ដោយសារតែមានការចូលរួមទប់ស្កាត់បទល្មើសនេសាទពីគ្រប់ភាគីទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

តាមរយៈឆាណែលតេលេក្រាម នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋ មន្រ្តីបានថ្លែងថា «យើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការកើនឡើងនៃទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផលដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយចំនួន»។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា លទ្ធផលនេះទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទរបស់យើង ដែលកន្លងទៅបទល្មើសនេសាទទ្រង់ទ្រាយធំ បានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលត្រីសម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។
យ៉ាងណាក៏ដោយ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានប្រកាសថ្លែងអំណរអរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិ និងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ដែលបានរួមគ្នាធ្វើកិច្ចការនេះដើម្បីផលប្រយោជន៍សម្រាប់ប្រជានេសាទយើង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានត្រីនៅកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់


