សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថារាជរដ្ឋាភិបាលបានសម្រេចបញ្ចេញ ថវិកាចំនួន៦០លានដុល្លារក្នុងរយៈពេលបីឆ្នាំសម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅ ខេត្តចំនួនប្រាំ គឺខេត្តកំពត ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី និងខេត្តពោធិ៍សាត់។

តាមរយៈឆាណែលតេលេក្រាម នាព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានឲ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផលរាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើននៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។ ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុង និងទីប្រជុំជនធំៗ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា «ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។ ថ្មីៗនេះក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំបានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ៥ខេត្ត ដែលរួមមាន ÷ ១/ រដ្ឋករទឹកកំពត ខេត្តកំពត ២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង ៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី ៥/ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់»
សម្តេចធិបតី បានប្រកាសទៀតថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចការងារនេះ(ការពង្រីកប្រព័ន្ធទឹកស្អាត)ជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ថវិកាចំនួន៦០លានដុល្លារសម្រាប់ពង្រីកប្រព័ន្ធទឹកស្អាតនេះ គឺមួយឆ្នាំរាជរដ្ឋាភិបាលផ្តល់ជូន២០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា៕ អត្ថបទ៖ បាន ចក់




