យោធាទីក្រុងគីវ បាននិយាយកាលពីថ្ងៃអាទិត្យ (១៦ កុម្ភៈ) ថា កងទ័ពរុស្ស៊ី បានបង្កើនការវាយប្រហាររបស់ខ្លួនយ៉ាងខ្លាំងក្លានៅភាគខាងកើតអ៊ុយក្រែន ខណៈមន្រ្តីអង្គការណាតូបានប៉ាន់ស្មានថា ទីក្រុងមូស្គូ អាចបង្កើនល្បឿន និងភាពខ្លាំងក្លានៃការវាយប្រហាររបស់ខ្លួន ស្របពេលកិច្ចពិភាក្សាដើម្បីបញ្ចប់សង្រ្គាមកាន់តែខិតជិតមកដល់។
ទីក្រុងគីវនិយាយថា ការវាយប្រហារសំខាន់ៗត្រូវបានប្រមូលផ្តុំនៅជិតមជ្ឈមណ្ឌលភស្តុភារ គឺទីក្រុង Pokrovsk ក្នុងពេលដែលក្រុមមន្ត្រីអាមេរិក និងរុស្ស៊ីរំពឹងថា នឹងធ្វើកិច្ចចរចានៅប៉ុន្មានថ្ងៃខាងមុខនៅអារ៉ាប៊ីសាអ៊ូឌីត ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump កំពុងជំរុញឱ្យមានសន្តិភាព។
យោធាទីក្រុងគីវរាយការណ៍ថា មានការចូលរួមប្រយុទ្ធចំនួន ២៦១លើក ជាមួយរុស្ស៊ី ក្នុងពេល ២៤ម៉ោងចុងក្រោយនៅថ្ងៃសៅរ៍ ជាតួលេខច្រើនបំផុតដែលបានកត់ត្រាក្នុងឆ្នាំនេះ និងច្រើនជាងទ្វេដងនៃចំនួនប្រហែល ១០០ដងក្នុងមួយថ្ងៃ ដែលខ្លួនបានរាយការណ៍កាលពីប៉ុន្មានថ្ងៃមុននោះ។
យោធារុស្ស៊ី កាលពីថ្ងៃសៅរ៍ បានរាយការណ៍ពីការវាយដណ្ដើមយកភូមិ Berezivka ភាគឦសាននៃទីក្រុង Pokrovsk។ របាយការណ៍របស់អ៊ុយក្រែន មិនបាននិយាយពីភូមិនេះទេ ប៉ុន្តែរបាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យរបស់ខ្លួនបាននិយាយថា ទីតាំងទីលំនៅនៅជាប់គ្នានៃភូមិ Vodiane Druhe គឺជាកន្លែងមួយក្នុងចំណោមទីតាំងជាច្រើន ដែលស្ថិតនៅក្រោមការវាយប្រហារនៅក្នុងតំបន់៕


