ប្រភពរដ្ឋាភិបាលអ៊ុយក្រែនជាន់ខ្ពស់មួយបានប្រាប់ទូរទស្សន៍ BBC ថាទីក្រុង Kyiv មិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហានៅអ៊ុយក្រែន លោក Keith Kellogg បាននិយាយថា ក្រុង Kyiv នឹងចូលរួមក្នុងកិច្ចពិភាក្សានៅថ្ងៃចន្ទនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែប្រភពបាននិយាយថា មិនមានគណៈប្រតិភូណាមួយនឹងមានវត្តមាននោះទេ។
ក្រុមមេដឹកនាំអឺរ៉ុបក៏មិនត្រូវបានស្នើសុំឱ្យចូលរួមការពិភាក្សាដែរ ហើយគ្រោងនឹងជួបជំនួសវិញនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងទីក្រុងប៉ារីស ជាកិច្ចប្រជុំកំពូល ដែលរៀបចំដោយប្រធានាធិបតីបារាំងយ៉ាងប្រញាប់ប្រញាល់ ដោយសារមានក្ដីបារម្ភកាន់តែខ្លាំងថា ទ្វីបនេះកំពុងត្រូវបានដេកចេញពីការចរចា។ កិច្ចប្រជុំដាច់ដោយឡែកនេះធ្វើឡើងបន្ទាប់ពីសប្តាហ៍ដ៏ច្របូកច្របល់ ដែលទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិធីសាស្រ្តរបស់ខ្លួនចំពោះសង្រ្គាមនៅអ៊ុយក្រែន។
បេសកជនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ារបស់សេតវិមាន លោក Steve Witkoff បានបញ្ជាក់ថា លោកបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីល្ងាចថ្ងៃអាទិត្យ សម្រាប់កិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ឆ្ពោះទៅរកការបញ្ចប់ជម្លោះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញកាលពីថ្ងៃអាទិត្យថា លោក Witkoff បានជួបលោក Putin រួចហើយ និងបានពិភាក្សាគ្នាប្រហែលបីម៉ោង៕