អារ៉ាប៊ីសាអ៊ូឌីត បើកទូលាយក្នុងការសម្របសម្រួលរវាងរដ្ឋបាលលោក Trump និងអ៊ីរ៉ង់ក្នុងការស្វែងរកកិច្ចព្រមព្រៀងថ្មីមួយដើម្បីដាក់កម្រិតកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ នេះបើយោងតាម ទូរទស្សន៍ CNN ។
រាជាណាចក្រនេះមានការព្រួយបារម្ភថា អ៊ីរ៉ង់ អាចនឹងមានទំនោរកាន់តែខ្លាំងបន្ថែមទៀតក្នុងការផលិតអាវុធនុយក្លេអ៊ែរនៅពេលនេះ ខណៈក្រុមតំណាងប្រដាប់អាវុធក្នុងតំបន់របស់ខ្លួន ដែលត្រូវបានចាត់ទុកជាយូរមកហើយថាជាការរារាំងដល់ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានចុះខ្សោយយ៉ាងខ្លាំង។ អារ៉ាប៊ីសាអ៊ូឌីតសង្ឃឹមថានឹងពង្រីកទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយប្រធានាធិបតី Donald Trump ដើម្បីផ្តល់ឱ្យអ៊ីរ៉ង់នូវស្ពានការទូតទៅកាន់សេតវិមាន។
គេមិនច្បាស់ទេថាតើអារ៉ាប៊ីសាអ៊ូឌីតបានផ្តល់ជូនជាផ្លូវការឬអត់ ប៉ុន្តែចេតនានេះបញ្ជាក់ពីបំណងប្រាថ្នារបស់ទីក្រុង រីយ៉ាត (Riyadh) ក្នុងការកសាងទំនាក់ទំនងប្រសើរឡើងរបស់ខ្លួនជាមួយអតីតសត្រូវរបស់ខ្លួន និងទទួលបានកៅអីនៅតុចរចាសម្រាប់កិច្ចព្រមព្រៀងថ្មីមួយ។
ស្របពេលលោក Trump បាននិយាយថាលោកចង់ចូលរួមក្នុងកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងថ្មីមួយ គេបានមើលឃើញសារលាយឡំគ្នាពីប្រទេសអ៊ីរ៉ង់ ដោយមេដឹកនាំកំពូលលោក Ayatollah Ali Khamenei បាននិយាយកាលពីសប្តាហ៍មុនថា ការពិភាក្សាជាមួយសហរដ្ឋអាមេរិកមិនមែនជាភាពឆ្លាតវៃទេ ហើយខ្លួនមិនចូលតុចរចាក្រោមការចាញ់ប្រៀបឡើយ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក និងក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត ពុំបានឆ្លើយតបទៅនឹងសំណើរបស់ទូរទស្សន៍ CNN សម្រាប់ការធ្វើអត្ថាធិប្បាយទេ។ បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បាននិយាយថាខ្លួនពុំមានការអត្ថាធិប្បាយទេ៕