អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិស៊ីរីម្នាក់ ដែលត្រូវបានគេសង្ស័យថា បានវាយប្រហារដោយប្រើកាំបិតនៅក្នុងប្រទេសអូទ្រីស បានស្បថភក្តីភាពជាមួយក្រុមរដ្ឋអ៊ីស្លាម។ នេះបើតាមអាជ្ញាធរដែលបាននិយាយថា បុរសអាយុ ២៣ ឆ្នាំរូបនេះ មានចរិកជ្រុលនិយមដែលបានបង្ហោះនៅលើបណ្តាញអ៊ីនធឺណិត។
ការវាយប្រហារកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ នៅក្រុង Villach បានសម្លាប់ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់។ យោងតាមនគរបាលបាននិយាយឱ្យដឹងថា មនុស្ស៥នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះ៣នាក់ក្នុងចំណោមអ្នករងរបួស កំពុងស្ថិតក្នុងផ្នែកសង្គ្រោះបន្ទាន់។
ក្នុងអំឡុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gerhard Karner បាននិយាយថា មន្ត្រីនានា គួរតែមានអំណាចកាន់តែច្រើន ដើម្បីត្រួតពិនិត្យអ្នកស្វែងរកសិទ្ធិជ្រកកោន ហើយត្រូវតែមាន «ការត្រួតពិនិត្យទ្រង់ទ្រាយធំដោយគ្មានមូលហេតុនៅក្នុងតំបន់ជាច្រើន» ចាប់តាំងពីជនសង្ស័យ មិនបានធ្វើឲ្យអាជ្ញាធរចាប់អារម្មណ៍។
នគរបាលនិយាយថា បុរស ដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត បានកត់ត្រាខ្លួនឯងថា បានស្បថភក្តីភាពចំពោះក្រុមរដ្ឋអ៊ីស្លាម(IS) ។ ប៉ុន្តែក្រុមរដ្ឋអ៊ីស្លាម មិនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ រហូតមកដល់ពេលនេះ។