រដ្ឋាភិបាលចក្រភពអង់គ្លេស កំពុងសម្លឹងមើលទៅលើការវាយលុកផលិតផលរបស់អាមេរិក ជាមួយនឹងការដំឡើងពន្ធថ្មី ប្រសិនបើចក្រភពអង់គ្លេស បរាជ័យក្នុងការបញ្ចៀសពន្ធ ២៥% លើដែកថែប និងអាលុយមីញ៉ូម របស់សហរដ្ឋអាមេរិក។
លោក Jonathan Reynolds ប្រមុខធុរកិច្ច និងពាណិជ្ជកម្ម បាននិយាយកាលពីថ្ងៃអាទិត្យ (១៦ កុម្ភៈ) ថា ប្រសិនបើប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពន្ធនាំចូលបន្ថែមយ៉ាងខ្លាំងលើដែកថែប និងអាលុយមីញ៉ូមរបស់ចក្រភពអង់គ្លេស នោះក៏អាចមើលឃើញការវាយបកទៅវិញនៃពន្ធបន្ថែមរបស់អង់គ្លេស លើផលិតផលអាមេរិក រួមទាំងស្រាវីស្គី ខោខូវប៊យ និងទោចក្រយានយន្តជាដើម។
គួររម្លឹកថា ការដំឡើងពន្ធពីមុន ដែលបានកំណត់គោលដៅលើផលិតផលអាមេរិក ត្រូវបានផ្អាកក្រោមកិច្ចព្រមព្រៀងក្នុងខែមីនា ឆ្នាំ២០២២ ដោយរដ្ឋាភិបាលអភិរក្សនិយមអង់គ្លេស ជាមួយអតីតរដ្ឋបាលលោក Joe Biden ដែលបានមើលឃើញការបើកឡើងវិញនូវការចូលប្រើប្រាស់ដោយមិនគិតពន្ធសម្រាប់អ្នកនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ចក្រភពអង់គ្លេស ទៅកាន់អាមេរិក។
លោក Reynolds បានព្រមានថា ប្រសិនបើលោក Trump ដំឡើងពន្ធអាមេរិកឡើងវិញ នោះកិច្ចព្រមព្រៀងមួយនោះក៏នឹង "ខ្ទេចខ្ទី" ដោយប្រាប់សារព័ត៌មាន BBC ថា "អង់គ្លេសនឹងត្រលប់ទៅទីតាំងដាក់ពន្ធលើអាមេរិកវិញ" ប៉ុន្តែលោកក៏សង្ឃឹមថានឹងមានការលើកលែងសម្រាប់ការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់អង់គ្លេស។
បណ្ដារដ្ឋមន្ត្រីអង់គ្លេស កំពុងតែកង្វល់ក្នុងការបញ្ចៀសជម្លោះពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ហើយកំពុងព្យាយាមកាត់បន្ថយភាពតានតឹងមុនពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Keir Starmer ទៅកាន់សេតវិមាននៅចុងខែនេះ៕