នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃអាទិត្យ (១៦ កុម្ភៈ) ថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកងទ័ពអង់គ្លេស ទៅកាន់អ៊ុយក្រែន ជាផ្នែកនៃកងកម្លាំងរក្សាសន្តិភាពក្រោយសង្គ្រាម ខណៈលោកព្យាយាមបង្ហាញសហរដ្ឋអាមេរិកថា បណ្ដាប្រទេសអឺរ៉ុបគួរតែមានតួនាទីនៅក្នុងកិច្ចពិភាក្សាស្តីពីការបញ្ចប់ជម្លោះ។
លោក Starmer លើកឡើងថា លោកមិនបានធ្វើការសម្រេចចិត្តដាក់ទាហានបុរស និងស្ត្រីអង់គ្លេស "ក្នុងផ្លូវអាក្រក់" ទេ ប៉ុន្តែការធានាបាននូវសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន គឺជារឿងចាំបាច់ដើម្បីទប់ស្កាត់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin មិនឱ្យបញ្ចេញប្រតិបត្តិការយោធាបន្ថែមទៀត។
លោក Starmer បានលើកឡើងនៅក្នុងកាសែត Daily Telegraph ថា “នៅពេលដែលការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនមកដល់ នោះមិនអាចគ្រាន់តែជាការផ្អាកបណ្តោះអាសន្នទេ តែត្រូវជាការធានាសន្តិភាពរយៈពេលវែង”។ លោក Starmer បន្ថែមថា លោកបានត្រៀមលក្ខណៈដើម្បីចូលរួមចំណែកក្នុងការធានាសន្តិសុខដល់អ៊ុយក្រែន ដោយ "ដាក់កងទ័ពអង់គ្លេសនៅទីនោះ ប្រសិនបើចាំបាច់"។
គួររម្លឹកថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យសម្ព័ន្ធមិត្តអឺរ៉ុបនៅក្នុងអង្គការណាតូ និងអ៊ុយក្រែន ភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន នៅពេលលោកប្រកាសថាបានពិភាក្សាតាមទូរសព្ទជាមួយលោក Putin ដោយមិនពិគ្រោះយោបល់ជាមួយពួកគេជាមុន ហើយនឹងចាប់ផ្តើមដំណើរការសន្តិភាព៕