
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះ កងអនុសេនាធំរាជអាវុធហត្ថលេខ១៨៦ មានកម្លាំងសរុប ៧៣នាក់ ក្នុងនោះ មាននារីចំនួន ២៨នាក់ បានវិលត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ UN រយៈពេល ១ឆ្នាំប្រកបដោយជោគជ័យ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
ក្នុងឱកាសទទួលដំណើរកងមួកខៀវកម្ពុជាបញ្ចប់បេសកកម្មរក្សាសន្តិភាព UN មកពីប្រទេសស៊ូដង់ខាងត្បូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយឧត្តមសេនីយ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បានថ្លែងថា សម្រាប់កងកម្លាំងមួយខៀវកម្ពុជា ដែលត្រឡប់មកដល់មាតុប្រទេសវិញនេះ គឺមិនតម្រូវអោយធ្វើចត្តាឡីស័កនៅអង្គភាពនោះទេ តែត្រូវធ្វើការផ្តល់សំណាកបញ្ជាក់ថាគ្មានវិជ្ជមានកូវីដ១៩ និងចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ រួចហើយទើបអនុញ្ញាតឲ្យទៅផ្ទះជួបជុំក្រុមគ្រួសាររបស់គេ។
ឯកឧត្ដម នាយឧត្តមសេនីយ បន្តថា សម្រាប់កងកម្លាំងដែលបានបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំនៅប្រទេសស៊ូដង់ខាងត្បូង ១ឆ្នាំកន្លងមក គឺយើងបានឈរជើងបំពេញបេសកកម្មនៅតាមគោលដៅចំនួន៦រនៅភាគខាងត្បូងប្រទេសស៊ូដង់ ដែលសភាពការណ៍គំរាមកំហែងខ្លាំងពីសំណាក់ក្រុមប្រដាប់អាវុធ ដែលមានតួអង្គមិនមែនរដ្ឋ និងជាក្រុមកុលសម្ព័ន្ធតាមសហគមន៍នានា ដែលតែងតែពួនស្ទាក់ វាយឆ្មក់ បាញ់មកលើក្រុមកម្លាំងបុគ្គលិកមនុស្សធម៌ និងការសម្លាប់សងសឹកគ្នារវាងសហគមន៍មួយ និងសហគមន៍មួយទៀត។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំនួន ៧,៨៩៩នាក់ ក្នុងនោះ មាននារី ៥២៨នាក់។
បច្ចុប្បន្ន កងកម្លាំងមួកខៀវកំពុងបំពេញបេសកកម្មក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ មានចំនួន ៧៨៧នាក់ ក្នុងនោះ នារី ១១១នាក់។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏ថ្លែងប្រសាសន៍ស្វាគមន៍ពីសំណាកសម្តេចតេជោ សម្តេចពិជ័យសេនា និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះការវិលត្រលប់ប្រកបដោយសុខសុវត្ថិភាព ជាមួយនឹងភាពជោគជ័យក្នុងការបំពេញភារកិច្ច និងគ្មានឆ្លងមេរោគកូវីដ១៩៕ អត្ថបទ៖ ស៊ុម សុខជា