ការិយាល័យប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានចោទប្រកាន់អាជ្ញាធរអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយបានរារាំងការចាកចេញរបស់អ្នកជំងឺក្រុមទី១៥និងអ្នកដែលរងរបួស ឆ្លងកាត់ច្រកព្រំដែនទីក្រុង Rafah ។
ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយ លោក Salama Marouf បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការកាន់កាប់នៅតែបន្តបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ខណៈបានរារាំងការជម្លៀសចេញរបស់អ្នកជំងឺក្រុមទី១៥ និងអ្នករងរបួស និងពន្យារពេលការចេញផ្សាយបញ្ជីធ្វើដំណើររបស់អ្នកជំងឺ ដោយរារាំងពួកគេមិនឱ្យបំពេញនីតិវិធីចាកចេញ»។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា មានតែអ្នករបួសនិងអ្នកជំងឺចំនួន៤៥២នាក់ រួមជាមួយអ្នកអមអ្នកជំងឺចំនួន៦២០នាក់បានចាកចេញពីតំបន់ហ្កាហ្សាក្នុងរយៈពេល១២ថ្ងៃនៃប្រតិបត្តិការនៅច្រកឆ្លងកាត់ទីក្រុង Rafah ដែលត្រូវបានបើកឡើងវិញ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជាមធ្យមប្រចាំថ្ងៃនៃអ្នកធ្វើដំណើរមានចំនួន៩០នាក់ ដែលតិចជាងតម្រូវការនៃកិច្ចព្រមព្រៀងមានអ្នកដំណើរយ៉ាងហោចណាស់៤៥០នាក់ក្នុងមួយថ្ងៃ រួមទាំងអ្នកជំងឺ ១៥០នាក់ និងអ្នករងរបួស រួមជាមួយអ្នកអមអ្នកជំងឺរបស់ពួកគេ។
សេចក្តីថ្លែងការណ៍និយាយថា «នៅតែមានអ្នករងរបួសនិងអ្នកជំងឺ១៥.០០០នាក់នៅតំបន់ហ្កាហ្សា ដែលត្រូវការធ្វើដំណើរបន្ទាន់ដើម្បីទៅព្យាបាលនៅខាងក្រៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងពេលមានកង្វះឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តធ្ងន់ធ្ងរ ដោយសារតែការបិទផ្លូវនៅបន្ត និងការវាយលុករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣»។