
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានជំរុញដល់ឆ្មាំល្បាត និងយាមតាមសមុទ្រទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានានៅតាមសមុទ្រឲ្យបានសកម្មបន្ថែមទៀត បើទោះបីជាឆ្នាំ២០២០ និង២០២១កន្លងទៅបទល្មើសតាមលម្ហសមុទ្រមានការធ្លាក់ចុះក៏ដោយនោះ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្តីពី សមិទ្ធផលការងារប្រចាំឆ្នាំ ២០២០-២០២១ តាមវីដឺអូ ZOOM សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា ក្រុមការងារទាំងអស់ត្រូវតែខិតខំឲ្យបានសកម្មបន្ថែមទៀតក្នុងការបង្ក្រាបបទល្មើសតាមលម្ហ សមុទ្រជាពិសេស ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ ហើយមួយវិញ ទៀត ត្រូវចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយដែលបានផ្ទៀងផ្ទាត់ និងបានរាប់ចំនួនកោះរួចហើយ ដោយត្រូវថតរូបទុក និងដាក់ឈ្មោះ ជាភាសាខ្មែរ និងបរទេស ដែលកម្ពុជាបានធ្លាប់ហៅតាំងពីពេលមុនៗ រហូតមកដល់បច្ចុប្បន្ននេះ។
នៅក្នុងកិច្ចប្រជុំសម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងទៀតថាកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវបានអាក់ខានចាប់តាំងពីចុងឆ្នាំ២០១៩ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ជាសាកល ប៉ុន្តែ ទោះជាយ៉ាងនេះក្តីជំងឺកូវីដ-១៩នេះ មិនអាចបញ្ឈប់នូវសកម្មភាពរបស់យើងបានទេ ជាក់ស្ដែងក្រុមការងារនៅតែដំណើរទៅមុខជាបន្តបន្ទាប់ទៅតាមការប្រគល់ភារកិច្ច។
យ៉ាងណាក៏ដោយសម្តេចប្រមុខការពារជាតិកម្ពុជា បានសំដែងនូវការកោតសរសើរ និង វាយតំលៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមទាំង ថ្នាក់ដឹកនាំនៃ សមាជិក សមាជិការខេត្តទាំង៤ ដែលបានចូលរួមយ៉ាងសកម្ម ខិតខំអនុវត្តការងារសំរេចបានលទ្ធផលជាបន្តបន្ទាប់ក្នុងពេលកន្លងមករហូតដល់កាត់បន្ថយបទល្មើសនានានៅតាមសមុទ្រគួរឲ្យកត់សម្គាល់នោះ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរនាយឧត្តម នាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាពេលកន្លងមកក្រុមការងារ បានបំពេញនូវភារកិច្ចស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិ។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះក្រុមការងាររក្សាបាននូវសុខសុវត្ថិភាព សន្តិសុខលើផ្ទៃសមុទ្រ បង្កលក្ខណៈអំណោយផល ដល់ជីវភាពរស់នៅ ការប្រកបអាជីវកម្មនេសាទរបស់ប្រជាពលរដ្ឋ និងធានាបានសុវត្ថិភាពដល់ការងារដឹកជញ្ជូនតាមផ្លូវសមុទ្រ បណ្តាសកម្មភាពល្មើសច្បាប់នានាបានថយចុះមកនៅកម្រិតទាបបំផុត បើទោះបីជាកិច្ចការខ្លះបានជួបការលំបាកដោយសារបញ្ហាសម្ភារបច្ចេកទេស និងគ្រឿងបំពាក់ផ្សេងៗក៏ដោយនោះ៕អត្ថបទ៖ បាន ចក់







