ប្រធានកម្មវិធីជំងឺអេដស៍របស់អង្គការសហប្រជាជាតិ UNAIDS បានព្រមានជាថ្មីកាលពីថ្ងៃអាទិត្យ (១៦ កុម្ភៈ) ការសម្រេចចិត្តរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការផ្អាកមូលនិធិបរទេសរបស់អាមេរិក អាចបណ្តាលឱ្យមនុស្សរាប់លាននាក់បន្ថែមទៀតស្លាប់ ដោយសារតែជំងឺអេដស៍។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយអភិវឌ្ឍផ្លូវការដ៏ធំបំផុតរបស់ពិភពលោក ដោយមូលនិធិភាគច្រើនត្រូវបានដឹកនាំតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID។ លោក Trump បានបង្កកជំនួយបរទេសមួយចំនួនធំរបស់អាមេរិក រយៈពេល ៣ខែ បន្ទាប់ពីការវិលត្រឡប់មកកាន់តំណែងវិញក្នុងខែមករា ដែលធ្វើឱ្យក្រុមមនុស្សធម៌ពិភពលោកកំពុងព្យាយាមដោះស្រាយជាមួយនឹងបញ្ហានេះ។
នាយកប្រតិបត្តិ UNAIDS លោកស្រី Winnie Byanyima បានប្រាប់សារព័ត៌មាន AFP ថា "ប្រទេសកំពុងបារម្ភ ហើយយើងអាចឃើញការស្លាប់បន្ថែមកើនឡើង ១០ដង" ដល់តួលេខ ៦,៣លាននាក់ក្នុងរយៈពេល ៥ឆ្នាំ ដោយសម្អាងដល់តួលេខប៉ាន់ស្មានដោយទីភ្នាក់ងារ UNAIDS។
ចំណាត់ការរបស់អាមេរិក រួមមានការផ្អាក ៩០ថ្ងៃ នៃការងារទាំងអស់របស់ផែនការសង្គ្រោះបន្ទាន់លើជំងឺអេដស៍ ឬហៅថាកម្មវិធី PEPFAR។ កម្មវិធីនោះជួយដល់អ្នកជំងឺអេដស៍ជាង ២០លាននាក់ និងបុគ្គលិកសុខាភិបាល ២៧០.០០០នាក់ នេះបើយោងតាមការវិភាគពីមូលនិធិសម្រាប់ការស្រាវជ្រាវជំងឺអេដស៍ (amfAR)៕