ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (១៦ កុម្ភៈ) បានច្រានចោលកិច្ចប្រឹងប្រែងដែលបានរាយការណ៍របស់សហភាពអឺរ៉ុប ក្នុងការទប់ស្កាត់ការនាំចូលសណ្តែកសៀងរបស់អាមេរិក និងអាហារផ្សេងទៀតដែលផលិតតាមស្តង់ដារផ្សេងៗគ្នា ដោយព្រមានថា វិធានការបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់អឺរ៉ុបតែប៉ុណ្ណោះ។
លោក Trump បានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ប្រណាំងរថយន្តមួយថា សហរដ្ឋអាមេរិក កំពុងប្រកាន់ខ្ជាប់នូវផែនការរបស់ខ្លួនក្នុងការចាប់ផ្តើមអនុវត្តពន្ធបដិការ ឬហៅថាពន្ធតម្រូវឱ្យត្រូវគ្នាទៅមក។ លោកបន្ថែមថា លោកមិនខ្វល់ខ្វាយនឹងពន្ធអឺរ៉ុបនោះទេ ហើយពន្ធសងសឹកណាមួយមានតែផលអាក្រក់សម្រាប់អឺរ៉ុបប៉ុណ្ណោះ។
កាសែត Financial Times បានរាយការណ៍នៅថ្ងៃអាទិត្យដដែលនោះថា គណៈកម្មការអឺរ៉ុបនឹងយល់ព្រមនៅសប្តាហ៍ក្រោយ ក្នុងការស្វះស្វែងរកដែនកំណត់ការនាំចូលដ៏តឹងរឹងលើអាហារមួយចំនួន ដែលធ្វើឡើងតាមស្តង់ដារផ្សេងៗគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកសិកររបស់ខ្លួន និងជំរុញដោយគោលនយោបាយពាណិជ្ជកម្មនៃពន្ធបដិការរបស់លោក Trump។
ភាពតានតឹងកំពុងកើនឡើងខ្ពស់រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បន្ទាប់ពីការសម្រេចចិត្តរបស់លោក Trump ក្នុងការយកពន្ធ ២៥% លើដែកថែប និងអាលុយមីញ៉ូមចាប់ពីថ្ងៃទី១២ ខែមីនា ពន្ធបដិការចាប់ពីខែមេសា និងពន្ធបន្ថែមដាច់ដោយឡែកលើរថយន្ត ឱសថ និងបន្ទះឈីបបច្ចេកវិទ្យា៕