មេដឹកនាំក្រុមហេសបូឡា បានថ្លែងកាលពីថ្ងៃអាទិត្យថា ទាហានអ៊ីស្រាអែល ត្រូវតែដកកទ័ពចេញពីទឹកដីលីបង់ ទាំងស្រុង ត្រឹមថ្ងៃកំណត់ថ្ងៃទី ១៨ ខែកុម្ភៈ ដោយនិយាយថា ប្រទេសនេះ ពុំមានលេសណាមួយ ដើម្បីរក្សាវត្តមានយោធា នៅក្នុងទីតាំងណាមួយ នៅភាគខាងត្បូងប្រទេសលីបង់។
ក្រោមបទឈប់បាញ់មួយដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ក្នុងខែវិច្ឆិកា កងទ័ពអ៊ីស្រាអែលត្រូវបានផ្តល់ពេល ៦០ថ្ងៃ ដើម្បីដកកងទ័ពចេញពីភាគខាងត្បូងលីបង់ ជាទីដែលពួកគេបានធ្វើការវាយលុកលើទឹកដីនេះ ប្រឆាំងនឹងក្រុមយុទ្ធជនពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីដើម ខែតុលា។
ប្រភពជាច្រើន បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីសប្តាហ៍មុនថា កាលបរិច្ឆេទផុតកំណត់នោះ ត្រូវបានពន្យារពេល ដល់ថ្ងៃទី ១៨ ខែកុម្ភៈ ប៉ុន្តែយោធាអ៊ីស្រាអែល បានស្នើសុំរក្សាកងទ័ពរបស់ខ្លួន នៅក្នុងទីតាំង ចំនួន ៥ នៅភាគខាងត្បូងប្រទេសលីបង់។
នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ដែលត្រូវបានគេថតទុក អគ្គលេខាធិការក្រុមហេសបូឡា លោក Naim Qassem បាននិយាយថា៖« អ៊ីស្រាអែលត្រូវតែដកកងទ័ពចេញទាំងស្រុង នៅថ្ងៃទី ១៨ ខែកុម្ភៈ ដោយហេតុថា ប្រទេសនេះ គ្មានលេស គ្មាន ៥ចំណុច ឬព័ត៌មានលម្អិតផ្សេងទៀតទេ... នេះគឺជាកិច្ចព្រមព្រៀង» ។
លោក Qassem បាននិយាយថា វត្តមានយោធាអ៊ីស្រាអែលណាមួយ នៅលើដីលីបង់ បន្ទាប់ពីថ្ងៃទី ១៨ ខែកុម្ភៈ នឹងត្រូវបានចាត់ទុកថា ជាកងកម្លាំងកាន់កាប់។