
ភ្នំពេញ៖ ប្រសិនជាមិនមានអ្វីប្រែប្រួលទេ នោះលទ្ធផលប្រលងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដែលគេ ស្គាល់ជាទូទៅថា ឌីប្លូម នឹងប្រកាសនៅថ្ងៃទី២២ ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមឯកឧត្ដមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងឱ្យ BTV ដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។
ឯកឧត្ដមបញ្ជាក់បន្ថែមថា ដំណើរការប្រលងបឋមភូមិរយៈពេលពីរគឺចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានបញ្ចប់ទៅដោយលទ្ធផលអាចទទួលយកបាន។ ឯកឧត្ដមបន្តថា បេក្ខជនមកប្រលងឌីប្លូមឆ្នាំនេះ មានមួយចំនួនតូចបានអវត្តមាន ដោយសារមូលហេតុបុគ្គល។ ការប្រលងឌីប្លូមឆ្នាំនេះបានបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាព ស្របនឹងវិធានការសុវត្ថិភាពសុខភាព។ កាលបរិច្ឆេទប្រកាសលទ្ធផលប្រលងនឹងត្រូវធ្វើនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
ការប្រលងឌីប្លូម ឆ្នាំ២០២១នេះ មានបេក្ខជនសរុប ១៦២ ៥៨៩ នាក់ ក្នុងនោះនារី ៨៧ ៨៧១នាក់ មាន មណ្ឌលប្រលងចំនួន ១៧២២ ត្រូវនឹងចំនួនបន្ទប់ប្រលង ៧៣២៧បន្ទប់៕ ដោយ៖ គង់ ឌិន